1មានអ្នកទារពន្ធ និង មនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។2ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យ រអ៊ូរទំាថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាបព្រមទាំងបរិភោគជាមួយគេផង!»។3ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖4«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថាមានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀម ដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។5កាលរកឃើញហើយ គាត់ត្រេកអរណាស់គាត់ក៏លើកចៀមដាក់លើ ក6ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផងដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។7ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថាន បរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។8«ម៉្យាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។9លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និង អ្នកជិតខាង ប្រាប់ថា "សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។10ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។11ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«មានបុរសមួយរូបមានកូនប្រុសពីរនាក់។12កូនពៅនិយាយទៅឪពុកថា"លោកឪពុក! សូមចែកកេរមត៌កអោយកូនមក"។ ឪពុកក៏ចែកមត៌កអោយកូន។13ប៉ុន្មានថ្ងៃក្រោយមក កូនពៅ ប្រមូលទ្រព្យសម្បត្ដិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនអស់ទៅ។14ពេលចាយវាយទ្រព្យសម្បត្ដិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។15គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់អោយមើលជ្រូកតាមស្រែចំការ។16គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់អោយជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាអោយបរិភោគឡើយ។17ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា "អ្នកបំរើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់។18អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជំរាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។19មិនគួរអោយលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបំរើចុះ"។20លុះគិតដូច្នោះ ហើយកូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែងក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។21កូនពៅជំរាបឪពុកថាៈ"លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុស នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរអោយលោកឪពុក រាប់ខ្ញុំនេះ ជាកូនទៀតទេ"។22ឪពុកប្រាប់ពួកអ្នកបំរើថា "ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់អោយកូន ខ្ញុំជាប្រញាប់ហើយយកចិញ្ចៀន និង ស្បែកជើងមកពាក់អោយផង។23ចូរយកកូនគោដែលយើងបានបំប៉នទុកមក កាប់ជប់លៀងអោយសប្បាយចុះ24ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ"។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។25ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និង ចំរៀងរបាំ26គាត់ហៅអ្នកបំរើម្នាក់មកសួរថា មានការអ្វីកើតឡើង។27អ្នកបំរើឆ្លើយថា "ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកអោយគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញ ដោយសុខសាន្ដ"។28កូនច្បងខឹងណាស់ មិនព្រមចូលផ្ទះទេ ឪពុក ចេញមកអង្វរអោយចូល។29កូនច្បងនិយាយទៅឪពុកថា "ខ្ញុំបាននៅបំរើលោកជាច្រើនឆ្នំាមកហើយ ខ្ញុំមិនដែល ធ្វើខុសនឹងបទបញ្ជារបស់លោកត្រង់ណាឡើយ តែលោកមិនដែលអោយកូនពពែ ដើម្បីអោយខ្ញុំកាប់ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។30ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវាមើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្ដិលោកទាំងអស់ ជាមួយស្រីញី"។31ឪពុកនិយាយទៅកូនថា"កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូនអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។32យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ"»។