1ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «មានសេដ្ឋីមួយរូប បានប្រគល់មុខងារអោយអ្នកបំរើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក។ មានគេមកជំរាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្ដិលោកយ៉ាងខ្ជះខ្ជាយ។2សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា"ចូរគិតបញ្ជីយកមកអោយខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្ដិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ"។3អ្នកបំរើនោះរិះគិត ក្នុងចិត្ដថា "ចៅហ្វាយលែងអោយអញទទួលខុសត្រូវលើទ្រព្យសម្បត្ដិលោកទៀតហើយ។ តើអញគិតទៅធ្វើការ អ្វីវិញហ្ន៎? អញគ្មានកម្លំាងនឹងកាប់គាស់ដីទេបើដើរសុំទានខ្មាសគេ។4អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញអោយស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ"។5គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយអោយចូលមកម្នាក់ម្ដងៗគាត់សួរអ្នកទីមួយថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?"។6កូនបំណុលនោះឆ្លើយថា "ប្រេងមួយរយប៉ោត"។ អ្នកបំរើប្រាប់ថា "នេះនែ៎! យកបញ្ជីរបស់អ្នក ហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ ដាក់ថា ជំពាក់ហាសិបប៉ោត"។7បន្ទាប់មកគាត់សួរម្នាក់ទៀតថា "តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?"។ កូនបំណុលនោះឆ្លើយថា"ស្រូវប្រាំរយថំាង"។ អ្នកបំរើប្រាប់ថា "នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថាជំពាក់បួនរយថំាង"។8ម្ចាស់ក៏សរសើរអ្នកបំរើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះ តែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។9«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះ ទៅធ្វើទាន ដើម្បីអោយមានមិត្ដភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្ដភក្ដិទាំងនោះ នឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។10អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។11ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្ដិលោកីយ៍ដែលបញ្ឆោតចិត្ដនេះទេ ព្រះជាម្ចាស់ ក៏ពុំអាចប្រគល់ទ្រព្យសម្បត្ដិដ៏ពិត ប្រាកដមកអ្នករាល់គ្នាបានដែរ។12ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្ដិអ្នកដទៃផង ធ្វើម្ដេចអោយព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្ដិដែលព្រះអង្គបំរុងទុកសំរាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!13គ្មានអ្នកណាអាចបំរើម្ចាស់ពីរនាក់បានទេព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបំរើព្រះជាម្ចាស់ផង គោរពបំរើទ្រព្យសម្បត្ដិលោកីយ៍ផងបានឡើយ»។14កាលពួកខាងគណៈផារីស៊ី ឮដូច្នោះ គេក៏ចំអកអោយព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។15ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាអោយមនុស្សលោកឃើញថា អ្នករាល់គ្នាជា ជនសុចរិត ប៉ុន្ដែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្ដអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរ អោយស្អប់ខ្ពើម។16គម្ពីរវិន័យ និង គម្ពីរព្យាការី បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្ដែ តាំងពីពេលនោះមក មនុស្សម្នាបានឮដំណឹងល្អ អំពីព្រះរាជ្យ ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។17ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិន រលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។18បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្ដអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្ដ អំពើផិតក្បត់ដែរ»។19«មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយ សប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។20មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅ ពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។21អ្នកឡាសារចង់បរិភោគកំទេចម្ហូបអាហារដែលជ្រុះ ពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។22ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវតា នាំគាត់យកទៅដាក់ក្បែរលោកអប្រាហំា នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។23នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញ លោកអប្រាហំាពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។24គាត់ស្រែកអង្វរលោកអប្រាហំាថា "លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារអោយយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់"។25លោកអប្រាហំាមានប្រសាសន៍ថា "កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយតែកូនវិញ កូនត្រូវឈឺចុកចាប់។26ម៉្យាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ"។27អ្នកមាននោះអង្វរថា"លោកឪពុកអើយ! សូមលោកឪពុកមេត្ដាចាត់ឡាសារអោយទៅផ្ទះឪពុកខ្ញុំផង28ខ្ញុំមានបងប្អូនប្រាំនាក់។ សូមអោយឡាសារទៅប្រាប់គេអោយដឹងខ្លួន កុំអោយគេមកកន្លែងរងទុក្ខទារុណកម្មនេះ"។29លោកអប្រាហំាឆ្លើយថា "បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ អោយគេធ្វើតាមពាក្យលោកទាំងនោះចុះ"។30អ្នកមានតបទៅលោកអប្រាហំាថា "ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ ទៅប្រាប់គេ ទើបគេកែប្រែចិត្ដគំនិត"។31ប៉ុន្ដែ លោកអប្រាហំាឆ្លើយតបវិញថា "ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និង ពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។