1ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលអោយមនុស្សប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ។2ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងទុកអោយគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្ដអំពើបាប។3ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន!ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសអោយគាត់ទៅ។4ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោល "ខ្ញុំស្ដាយដោយបានធ្វើខុស "ចូរអត់ទោសអោយគាត់ទៅ»។5ពួកសាវ័ក ទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។6ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿ ប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា "ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!" វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។7«ក្នុងចំណោមអ្នករាល់គ្នាឧបមាថា នរណាម្នាក់មានអ្នកបំរើ ទៅភ្ជួរស្រែ ឬ ឃ្វាលហ្វូងសត្វ។ ពេលអ្នកបំរើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា "សូមអញ្ជើញមកពិសាបាយ" ទេ។8ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបំរើថា "ចូររៀបចំបាយទឹកអោយខ្ញុំ រួចទៅផ្លាស់ខោអាវមកបំរើខ្ញុំ ពេលខ្ញុំបរិភោគចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ"។9ម្ចាស់មិនដែលអរគុណអ្នកបំរើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។10រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរកាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ សព្វគ្រប់ហើយចូរពោល "យើងខ្ញុំគ្រាន់តែជាអ្នកបំរើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ"»។11កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និង ស្រុកកាលីឡេ។12ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ13ស្រែកឡើងថា៖«លោកគ្រូយេស៊ូអើយ!សូមអាណិតមេត្ដាយើងខ្ញុំផង»។14ព្រះយេស៊ូទតមើលគេហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនអោយពួកបូជាចារ្យ ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ ទាំងអស់គ្នា។15ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។16គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ អោនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។17ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា?18មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។19ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។20ពួកខាងគណៈផារីស៊ី ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។21គេពុំអាចពោល "ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬ ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ"បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។22បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់ សិស្ស ថា៖«ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស យាងមកសូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នក រាល់គ្នាពុំឃើញឡើយ។23ពេលមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅទីនេះ ឬ នៅទីនោះ"កុំរត់ទៅអោយសោះ។24បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។25ប៉ុន្ដែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។26នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ ដែរ។27កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។28នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដំាដំណាំ និង សង់ផ្ទះ។29ប៉ុន្ដែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និង ស្ពាន់ធ័របង្អុរពីលើមេឃមកដូច ភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។30នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។31នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញអោយសោះ។32ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។33អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។34ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។35បើស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។36បើមានបុរសពីរនាក់នៅក្នុងចំការព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ»។37ពួកសិស្ស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាន នៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។