1បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស អោយដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្ដឡើយ៖2«នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។3មានស្ដ្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា "សូមលោករកយុត្ដិធម៌អោយនាងខ្ញុំផង"។4ប៉ុន្ដែ ចៅក្រមមិនព្រមកាត់ក្ដីអោយភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្ដថា "ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ5ក៏អញត្រូវតែកាត់ក្ដី អោយស្ដ្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីអោយគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ"»។6ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។7ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្ដិធម៌អោយអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។8ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្ដិធម៌អោយគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែ ពេលបុត្រមនុស្ស មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។9ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀត ទៅកាន់អ្នកខ្លះដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។10ព្រះអង្គមានព្រះបន្ទូលថា៖«មានបុរសពីរនាក់ឡើងទៅអធិស្ឋាន ក្នុងព្រះវិហារ ។ ម្នាក់ខាងគណៈផារីស៊ី ម្នាក់ទៀតជាអ្នកទារពន្ធ ។11បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្ដថា"បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្ដអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ12ទូលបង្គំតមអាហារ ពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ"។13រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយមិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា "ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំជាមនុស្សបាបផង"។14ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះអោយបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។15មានមនុស្សម្នាបីទារកមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសិស្ស ស្ដីបន្ទោសគេ16តែព្រះយេស៊ូសុំអោយគេយកទារកទាំងនោះមកជិតព្រះអង្គ រួចទ្រង់មានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។17ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។18មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។19ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។20លោកស្គាល់បទបញ្ជា ស្រាប់ហើយថា"កុំប្រព្រឹត្ដអំពើផិតក្បត់កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស ចូរគោរពមាតាបិតា"។21បុរសនោះទូលព្រះយេស៊ូថា "ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះតាំងតែពីក្មេងមក"។22ព្រះយេស៊ូឮ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកអោយជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្ដិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។23ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្ដយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្ដម្ភ។24កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ដ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ណាស់25សត្វអូដ្ឋ ចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។26អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គ ពោលឡើងថា៖«បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។27ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។28លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។29ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង បងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់30អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់ នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។31ព្រះយេស៊ូនាំសាវ័ក ទាំងដប់ពីររូប ចេញទៅជាមួយព្រះអង្គ។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី បានចែងទុក អំពីបុត្រមនុស្ស នឹងកើតមាននៅទីនោះ32គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។33គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមកលោកនឹងរស់ឡើងវិញ»។34ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។35កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។36ពេលគាត់ឮ ស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី37គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។38មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង!»។39ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗ ថា៖«ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។40ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេអោយ នាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖41«តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសអោយភ្នែកទូលបង្គំ បានភ្លឺឡើងវិញផង»។42ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរអោយភ្នែកអ្នកបានភ្លឺ ឡើងវិញចុះ»។43រំពេចនោះគាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។