1ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ មានក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ2ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់អោយយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោក?»។3ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំនួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍4តើនរណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។5គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា "ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក "គាត់មុខជាសួរយើងថា"ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?"។6បើយើងឆ្លើយថា "មនុស្សចាត់លោកអោយមក" ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី មែន»។7ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានអោយមកធ្វើពិធីជ្រមុជទឹក ឡើយ»។8ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។9បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពំាងបាយជូរមួយចំការ ហើយប្រវាស់អោយពួកកសិករមើលថែទំា រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។10លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបំរើម្នាក់អោយមកជួបពួកអ្នកថែចំការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្ដែ ពួកកសិករបានវាយដំអ្នកបំរើ ហើយបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។11ម្ចាស់ចំការក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកប៉ុន្ដែពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។12គាត់ក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមកជាលើកទីបី។ អ្នកថែចំការបានវាយដំអ្នកបំរើនេះអោយរបួស ហើយបោះទៅខាងក្រៅចំការ។13ម្ចាស់ចំការគិតថា "តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់ របស់ខ្ញុំអោយទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន។14ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចំការ មកដល់ គេពិគ្រោះគ្នាថា "អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចំការនេះនឹងធ្លាក់មកជាសម្បត្ដិរបស់យើង"។15គេក៏បោះកូនប្រុសម្ចាស់ចំការទៅខាងក្រៅហើយសម្លាប់ចោល។ តើម្ចាស់ចំការ នឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។16គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរទៅអោយអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំអោយកើតមានដូច្នោះឡើយ»។17ព្រះយេស៊ូទតសំឡឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថាៈ "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត" តើពាក្យនេះមានន័យដូចម្ដេច?។18អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទំាមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះអោយស្លាប់ជាប្រាកដដែរ»។19ពេលនោះ ពួកអាចារ្យ និង ពួកនាយកបូជាចារ្យ រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថាព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាសំដៅទៅលើពួកគេប៉ុន្ដែ ពួកគេខ្លាចប្រជាជន។20ពួកគេនាំគ្នាឃ្លំាមើលព្រះយេស៊ូ ហើយចាត់មនុស្សអោយទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និង ទៅក្នុងអំណាចរបស់លោកទេសាភិបាល។21គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និង ពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិត អំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។22សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់ របស់យើងអនុញ្ញាតអោយបង់ពន្ធដារថ្វាយព្រះចៅអធិរាជររ៉ូម៉ាំងឬទេ?»។23ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖24«ចូរបង្ហាញប្រាក់មួយកាក់អោយខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។25ព្រះយេស៊ូក៏មានព្រះ បន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។26អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើអោយគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។27មានអ្នកខាងគណៈសាឌូស៊ី ខ្លះ ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖28«លោកគ្រូ! លោកម៉ូសេ បានចែងច្បាប់ទុកអោយយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន។29ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។30ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅ ទាំងឥតមានកូន។31បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ដ្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។32នៅទីបំផុតស្ដ្រីក៏ស្លាប់ទៅដែរ។33លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។34ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ35ប៉ុន្ដែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសអោយរស់ឡើងវិញ នៅលោកខាងមុខគេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។36អ្នកទាំងនោះលែងស្លាប់ទៀត ហើយគឺគេបានដូចទេវតា ។ គេជាបុត្ររបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។37លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ ថាជា ព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និង ជាព្រះរបស់លោកយ៉ាកុប។38ព្រះជាម្ចាស់មិនមែន ជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។39ពួកអាចារ្យ ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។40បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។41ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?42ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់ របស់ខ្ញុំថាសូមគង់នៅខាងស្ដាំយើង43ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទាព្រះអង្គ"។44បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា ព្រះអម្ចាស់ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។45នៅពេល ប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖46«ចូរប្រយ័ត្ននឹងពួកអាចារ្យ អោយមែនទែន ពួកនោះចូលចិត្ដពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្ដអោយគេអោនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ និង ចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។47អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។