1ព្រះយេស៊ូ ទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។2ព្រះអង្គទតឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។3ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ស្ដ្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់4ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សំរាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។5អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និង មានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖6«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។7គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសំគាល់អ្វីអោយយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមកដល់?»។8ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោល "ខ្ញុំនេះហើយជាព្រះគ្រិស្ដ " ឬថា "ពេលកំណត់មកដល់ហើយ" កុំតាមអ្នកទាំងនោះអោយសោះ។9កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬ អំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំង នេះត្រូវតែកើតឡើងជាមុន ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។10ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេស មួយទៀត11នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលអោយភ័យតក់ស្លុត និង មានទីសំគាល់យ៉ាងធំនៅលើមេឃផង។12ប៉ុន្ដែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ យកអ្នករាល់គ្នាទៅឃុំឃំាង។ គេនាំអ្នករាល់គ្នាទៅអោយស្ដេច និង លោកទេសាភិបាល កាត់ទោស ព្រោះតែនាមខ្ញុំ។13ប៉ុន្ដែ ការនេះប្រែជាហុចឱកាសអោយអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។14ត្រូវចង ចាំក្នុងចិត្ដថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី15ដ្បិតខ្ញុំនឹងផ្ដល់អោយអ្នករាល់គ្នាមានថ្វីមាត់ និង ប្រាជ្ញា មិនអោយពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។16សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និង មិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅអោយគេសម្លាប់ផងដែរ។17មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។18ប៉ុន្ដែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។19អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្ដស៊ូទ្រំា»។20«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។21ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញអោយឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។22គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។23គ្រានោះ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅ កូនមុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។24គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មំាងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម អោយរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹមរហូតដល់ពេលកំណត់របស់គេ»។25«គ្រានោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និង ក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដី នឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក26មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតឫទ្ធិបារមីនានានៅលើមេឃនឹងកក្រើករំពើក។27ពេលនោះ គេនឹងឃើញបុត្រមនុស្ស យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាព និង សិរីរុងរឿងពន់ពេកក្រៃ។28កាលណាព្រឹត្ដិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។29បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ និង ដើមឈើទាំងអស់ចុះ!30កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំង ជិតមកដល់ហើយ។31ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យ របស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។32ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។33ផ្ទៃមេឃ និង ផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។34«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នអោយមែនទែន! កុំបណ្ដោយអោយចិត្ដរបស់អ្នករាល់គ្នាវក់វី នឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬ ក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន35ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។36ចូរប្រុងស្មារតី និង ទូលអង្វរគ្រប់ពេលវេលា ដើម្បីអោយអ្នករាល់គ្នាមានកម្លំាង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីអោយអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។37ពេលថ្ងៃព្រះយេស៊ូតែងប្រៀន ប្រដៅគេនៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសំរាក នៅលើភ្នំដើមអូលីវ។38ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ ។