1នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយ ផង។2ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។3នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។4ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។5នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖«ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?6ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញហើយ។ ចូរនឹកចាំអំពី ព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា7"បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ" »។8ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។9ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។10ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡានាងយ៉ូអាន់ និង នាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ11ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។12ប៉ុន្ដែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។13នៅថ្ងៃដដែលនោះ មានសិស្ស ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពី ក្រុងយេរូសាឡឹម។14គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។15នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។16គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។17ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។18ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។19ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នក ភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និង ប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី មានឫទ្ធានុភាពក្នុងគ្រប់ កិច្ចការដែលលោកបានធ្វើ និង គ្រប់ពាក្យសំដីដែលលោកបានថ្លែង។20ពួកនាយកបូជាចារ្យ និង ពួកមន្ដ្រីរបស់ យើង បានបញ្ជូនលោកទៅអោយគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។21យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។22មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើអោយយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរ តាំងពីព្រលឹម23តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញ រៀបរាប់ថានាងបានឃើញទេវតា មកប្រាប់ថា លោកមានជីវិតរស់។24មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្ដែ ពុំមាននរណាបានឃើញលោកសោះ»។25ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នក រាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។26ព្រះគ្រិស្ដ ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។27បន្ទាប់មកព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។28លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបំរុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។29គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។30ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ ប្រទានអោយគេ។31ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្ដែ ព្រះអង្គបាត់ពីមុខគេទៅ។32គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយគម្ពីរអោយយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។33គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ34គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។35សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។36នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។37គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។38ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?39ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។40ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។41សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។42គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ43ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។44បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។45ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ46ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។47អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។48អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។49ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។50បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។51នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។52ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។53គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។