1ក្រុមប្រឹក្សាជាន់ខ្ពស់ ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។2គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនអោយបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថាជាព្រះគ្រិស្ដ គឺជាស្ដេច»។3លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។4លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និង បណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។5ប៉ុន្ដែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។6លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។7កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។8ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតទ្រង់ចង់ជួបព្រះយេស៊ូ តាំងពីយូរយារមកហើយ ព្រោះទ្រង់តែងឮគេនិយាយអំពីព្រះអង្គហើយសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។9ទ្រង់ទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។10ពួកមហាបូជាចារ្យ និង ពួកអាចារ្យ ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាង ខ្លាំងបំផុត។11ព្រះបាទហេរ៉ូដ និង ពួកទាហានចំអកអោយព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់អោយព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។12កាលពីមុនព្រះបាទហេរ៉ូដ និង លោកពីឡាតជាសត្រូវនឹងគ្នា។ ប៉ុន្ដែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្ដសំឡាញ់នឹងគ្នាវិញ។13លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ដ្រី និង ប្រជាជនមកជួបជុំគ្នា។14លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកអោយខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ដ្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោកតែមិនឃើញមានទោសអ្វី ដូចអស់លោកចោទប្រកាន់សោះ។15សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្ដអ្វី គួរអោយប្រហារជីវិតឡើយ។16ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។17ជារៀងរាល់ឆ្នំា ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់។18គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសអោយយើងខ្ញុំវិញ!»។19ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។20លោកពីឡាតចង់ដោះលែងព្រះយេស៊ូលោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។21ប៉ុន្ដែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។22លោកពីឡាត មានប្រសាសន៍ទៅគេ ជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរអោយប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែអោយគេវាយប្រដៅគាត់ រួចលែងគាត់អោយទៅវិញ»។23ប៉ុន្ដែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារអោយឆ្កាងព្រះយេស៊ូ សំរែករបស់គេមានប្រៀបជាង។24លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ25លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃំាង មកពីបានបង្កចលាចល និង បានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់អោយគេយកទៅធ្វើតាមអំពើចិត្ដ។26នៅពេលបណ្ដើរព្រះយេស៊ូទៅគេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចំការ។ គេចាប់បង្ខំគាត់អោយលីឈើឆ្កាងដើរតាមក្រោយព្រះយេស៊ូ។27ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ដ្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។28ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ដ្រីទាំងនោះ ថា៖«ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និង កូននាងវិញ29ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោល "ស្ដ្រីណាឥតកូន ស្ដ្រីណាមិនបង្កើតកូន និង ស្ដ្រីណាមិនដែលបំបៅកូន ស្ដ្រីនោះពិតជាមានសុភមង្គលមែន"។30នៅពេលនោះ គេនឹងនិយាយទៅភ្នំថា"ចូររលំសង្កត់ពី លើយើងខ្ញុំមក! ចូរជួយលាក់ ខ្លួនយើងខ្ញុំផង!"។31បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់ កំរិតណាទៅ!»។32គេបាននាំអ្នកទោស ពីរនាក់ទៀត មកសម្លាប់ជាមួយ ព្រះយេស៊ូដែរ។33លុះមកដល់កន្លែងមួយដែលគេហៅថា "ភ្នំលលាដ៍ក្បាល" គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដំាព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសអោយអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។35ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយ ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ដ របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែន នោះអោយគាត់សង្គ្រោះខ្លួនឯងទៅ!»។36ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរគេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ37ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។38នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។39អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅហើយសង្គ្រោះយើងផង!»។40ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីអោយអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។41គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោកវិញ លោកមិនបានធ្វើអំពើ អាក្រក់អ្វីសោះ»។42បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។43ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខ ជាមួយខ្ញុំ»។44ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល45ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ ចំពាក់កណ្ដាល។46ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។47នាយទាហានរ៉ូមាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោល៖ «បុរសនេះពិតជាសុចរិតមែន!»។48រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។49អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។50មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជន ជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំព្រះរាជ្យ របស់ព្រះជាម្ចាស់។51លោកពុំបានយល់ស្រប ជាមួយគេលើការសំរេចចិត្ដធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្ដនោះដែរ។52លោកបានទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។53លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាងហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។54ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ហើយថ្ងៃសប្ប័ទ ជិតមកដល់។55ពួកស្ដ្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសព ព្រះយេស៊ូផង។56បន្ទាប់មក ស្ដ្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និង ទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សំរាកតាមបទបញ្ជាចែងទុក។