1ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់។2ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួន របស់គេ។3ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំអោយគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។4លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់ លោកស៊ីម៉ូនថា៖«ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។5លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្ដែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។6គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។7គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតអោយមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។8ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ សូមយាងអោយឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។9លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និង អស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។10រីឯលោកយ៉ាកុប និង លោកយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះ ដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី!ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។11ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។12ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោន មុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជា ស្អាតបរិសុទ្ធ ផង»។13ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ទាំងមានព្រះបន្ទូលថា៖«ខ្ញុំយល់ព្រមហើយ ចូរអោយបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។14ព្រះយេស៊ូមាន ព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាអោយដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់ លោកបូជាចារ្យ ហើយថ្វាយតង្វាយដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន »។15ព្រះកិត្ដិនាម របស់ ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសអោយខ្លួនបានជាពីជំងឺផ្សេងៗផង។16រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន ។17ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី និង អ្នកប្រាជ្ញខាងវិន័យ អង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និង ពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ឋានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺអោយបានជា។18ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។19ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សំរូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។20ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់ អ្នកទាំងនោះទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ!»។21ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ ព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសអោយមនុស្សរួចពីបាបបាន?»។22ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិត ដូច្នេះ?23បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នករួចពីបាបហើយ" ឬថា "ចូរក្រោកឡើងដើរ ទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?។24ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្ស មានអំណាចនឹងអត់ទោសអោយមនុស្សនៅក្នុងលោកនេះរួចពីបាបបាន-ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា-ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។25រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។26អស់អ្នកដែលនៅទីនោះ ស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចំឡែកអស្ចារ្យមែន!»។27បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះទ្រង់ទតឃើញអ្នកទារពន្ធ ម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។28លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។29លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។30ពួកខាងគណៈ ផារីស៊ី និង ពួកអាចារ្យ ពីគណៈផារីស៊ី ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និង មនុស្សបាបដូច្នេះ?»។31ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។32ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីអោយគេកែប្រែចិត្ដគំនិត»។33មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និង ពួកសិស្សខាងគណៈផារីស៊ី តែងតែតមអាហារ និង សូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។34ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។35ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅទើបភ្ញៀវទាំងនោះតមអាហារ»។36ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និង ក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។37ពុំដែលមាននរណាច្រកស្រាទំពំាងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើអោយថង់ ស្បែកចាស់នោះធ្លុះបណ្ដាលអោយស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន38ត្រូវច្រកស្រាថ្មី ទៅក្នុងថង់ស្បែកថ្មី។39កាលបើបានពិសាស្រាទំពំាងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា "ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី"»។