Khmer

Luke

6

1មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡី មកឈ្លីបរិភោគ។2មានពួកខាងគណៈផារីស៊ី ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ ដូច្នេះ?»។3ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយ ស្ដីអំពី ការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន4គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។5ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ ។6នៅថ្ងៃសប្ប័ទ មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយទ្រង់បង្រៀនគេ។ នៅទីនោះ មានបុរស ម្នាក់ស្វិតដៃស្ដាំ។7ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។8ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់ពួកគេ ទ្រង់ក៏ មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះ ក៏ក្រោកឈរឡើង។9ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬ ធ្វើអោយវិនាសអន្ដរាយ?»។10ព្រះអង្គបែរព្រះភ័ក្ដ្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។11ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។12នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន ។ ព្រះអង្គអធិស្ឋានពេញមួយយប់។13លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសិស្ស មក ក្នុងចំណោមសិស្សទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូបហើយប្រទានងារជាទូតរបស់ព្រះអង្គ14គឺមានស៊ីម៉ូនដែលទ្រង់ប្រទានឈ្មោះថា ពេត្រុស និង អនទ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ15ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម16យូដាសជាកូនលោកយ៉ាកុប និង យូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។17ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស ទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមាន សិស្សជាច្រើន និង ប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និង ក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។18គេនាំគ្នាមកស្ដាប់ព្រះអង្គ និង សូមព្រះអង្គប្រោសគេអោយជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។19បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេអោយជាគ្រប់ៗគ្នា។20ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសិស្ស របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ហើយ ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់។21អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។22ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។23នៅគ្រានោះចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួល រង្វាន់យ៉ាងធំ នៅស្ថានបរមសុខ ។ កាលពីជំនាន់មុន បុព្វបុរស របស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។24ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកនឹងត្រូវវេទនាព្រោះអ្នករាល់គ្នាបាន ទទួលការសំរាលទុក្ខរួចស្រេចហើយ។25អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ! អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ! អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។26អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនា ហើយព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។27«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និង ធ្វើអំពើល្អដល់អស់អ្នកដែល ស្អប់អ្នករាល់គ្នា28ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និង អង្វរព្រះជាម្ចាស់សូមទ្រង់ប្រទានពរ ដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។29ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរអោយគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរអោយគេយកអាវក្នុងថែមទៀតទៅ។30បើមានអ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។31បើអ្នករាល់គ្នាចង់អោយគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។32បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ33ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។34បើអ្នករាល់គ្នាអោយគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏អោយគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។35ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងអោយគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញអោយសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និង ជនកំណាចដែរ។36ចូរមានចិត្ដមេត្ដាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នាដែលមានព្រះហឫទ័យមេត្ដាករុណា»។37«កុំថ្កោលទោសអ្នកដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នក ដទៃអោយសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសអោយអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយអ្នករាល់គ្នា។38ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់អោយអ្នក តាមរង្វាល់ដែលអ្នកវាល់អោយអ្នកដទៃ»។39ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។40ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។41ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។42បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា "ទុកអោយខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?"។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។43«ដើមឈើល្អ មិនដែលអោយផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលអោយផ្លែល្អដែរ44ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពំាងបាយជូរពីគុម្ពបន្លាឡើយ។45មនុស្សល្អតែងប្រព្រឹត្ដអំពើល្អព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេ អាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។46«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់!ព្រះអម្ចាស់!" តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។47អ្នកដែល ចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់អោយអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា48អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអោយផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។49ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្ដតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះផ្ទះនោះក៏រលំខូចខាតភ្លាមគ្មានអ្វីសល់ឡើយ»។