1កាលព្រះយេស៊ូមានព្រះបន្ទូលអោយប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាពើណិម។2នៅក្រុងនោះ មានអ្នកបំរើសំណព្វចិត្ដរបស់នាយទាហានររ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។3ពេលនាយ ទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះអោយទៅយាងព្រះអង្គ មកប្រោស អ្នកបំរើរបស់គាត់។4ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់5ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ អោយយើងផង»។6ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយនាយទាហានចាត់មិត្ដភក្ដិរបស់គាត់អោយមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទ មានឋានៈទន់ទាបណាស់មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។7ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបំរើរបស់ខ្ញុំប្របាទនឹងជាសះស្បើយ មិនខាន។8ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់អោយទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតអោយមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបំរើអោយធ្វើការអ្វីមួយគេនឹងធ្វើតាម»។9កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។10មិត្ដភក្ដិដែល នាយទាហានចាត់អោយមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបំរើបានជាសះស្បើយ។11ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និង បណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។12ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសព ជាមួយគាត់។13កាលព្រះអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។14ព្រះអង្គយាងចូលទៅជិត ទ្រង់ពាល់មឈូស ពួកអ្នកសែង ក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំឡោះអើយ! ចូរក្រោកឡើង»។15រំពេចនោះ បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំឡោះទៅម្ដាយវិញ។16គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោល៖«មានព្យាការីដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ដ្រ របស់ព្រះអង្គ»។17ពាក្យដែលគេនិយាយអំពីព្រះយេស៊ូ បានលេចឮពាសពេញក្នុងស្រុកយូដា និង តំបន់ជិតខាងទាំងមូល។18សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក19រួចចាត់អោយទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដ ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។20អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់អោយយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ ផ្សេងទៀត?»។21នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺមនុស្សពិការ និង មនុស្សដែលមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួនអោយបានជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនអោយមើលឃើញដែរ។22ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញ និង បានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ ទៅប្រាប់ជនក្រីក្រ។23អ្នកណាមិនរវាតចិត្ដចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។24ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖«តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?25តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។26បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត27ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។29ប្រជាជនទាំងមូល និង អ្នកទារពន្ធ បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក ពីលោក។30រីឯពួកខាងគណៈផារីស៊ី និង ពួកបណ្ឌិតខាងវិន័យ មិនទទួលស្គាល់គំរោងការដែលព្រះជាម្ចាស់បានរៀបចំសំរាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។31តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា?32គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរំា យើងបានស្មូតបទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ"។33យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរាតែអ្នករាល់គ្នាថា លោកមានអារក្សចូល34រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែអ្នករាល់គ្នាថា "មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។35ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។36មានបុរសម្នាក់ខាងគណៈផារីស៊ី បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។37នៅក្រុងនោះ មានស្ដ្រីម្នាក់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។38នាងនៅពីក្រោយព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គនាងយំ សំរក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។39ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើលោកនេះពិតជាព្យាការី មែន ច្បាស់ជាលោកជ្រាបថា ស្ដ្រីដែលពាល់លោកនេះ ជាស្ដ្រីប្រភេទណាពុំខានគឺនាងជាមនុស្សបាប»។40ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖«លោកស៊ីម៉ូនខ្ញុំចង់ និយាយរឿងមួយ ជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។41ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។42ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នក ទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។43លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែល ជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។44បន្ទាប់មក ព្រះអង្គបែរទៅរកស្ដ្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមក ក្នុងផ្ទះលោកតែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់ នាងមកជូតទៀតផង។45លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។46លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។47ហេតុនេះហើយ ខ្ញុំសុំប្រាប់អោយលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះព្រោះព្រះជាម្ចាស់បានប្រោសអោយនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសអោយតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។48ព្រះយេស៊ូមានព្រះបន្ទូលទៅស្ដ្រីនោះថា៖ «ខ្ញុំអត់ទោសអោយនាងបានរួចពីបាបហើយ»។49អស់អ្នកដែលអង្គុយរួមតុជាមួយរិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖«តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសអោយមនុស្សរួចពីបាបដូច្នេះ?»។50ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖«ជំនឿរបស់នាងបានសង្គ្រោះនាងហើយសូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។