1ព្រះយេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និង ភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សពីររូបអោយទៅមុនដោយមាន ព្រះបន្ទូលថា៖2«ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេចូរស្រាយវាដឹកមក។3ប្រសិនបើមានគេសួរថា"ហេតុអ្វីបានជាអ្នកស្រាយវា?" ចូរឆ្លើយប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងអោយគេដឹកមកវិញភ្លាមជាមិនខាន"»។4សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុក នៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវហើយក៏ស្រាយវា។5មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។6សិស្សទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏អោយដឹកចេញទៅ។7សិស្សទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។8មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចំការមករាយលើផ្លូវដែរ។9អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ!សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់10សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។11កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ទ្រង់ក៏យាងចូលក្នុងព្រះវិហារ ។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។12នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានីពេលនោះ ព្រះអង្គឃ្លាន។13ព្រះអង្គទតឃើញឧទុម្ពរ មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ទ្រង់ក៏យាងតំរង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិតទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។14ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅគ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសិស្ស បានឮព្រះបន្ទូលរបស់ព្រះអង្គ។15ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។16ព្រះអង្គមិនអោយនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ ឡើយ។17ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សំរាប់អោយជាតិសាសន៍ទាំងឡាយអធិស្ឋាន តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។18កាលពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្ដែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។19លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសិស្ស។20ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសិស្សឃើញដើមឧទុម្ពរ ក្រៀមស្វិតរហូតដល់ឫស។21លោកពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ!សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។22ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។23ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា "ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!" ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ដ ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសំរេច នោះព្រះជាម្ចាស់នឹងប្រទានអោយបានសំរេចតាមពាក្យគេមែន។24ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ អោយតែអ្នករាល់គ្នាអធិស្ឋាន សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានអោយអ្នករាល់គ្នាជាពុំខាន។25ម៉្យាងទៀតពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសអោយគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ អត់ទោសអោយអ្នករាល់គ្នា។ [26ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសអោយគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ។ ]27ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យនាំគ្នាមកជួបព្រះអង្គ។28គេទូលសួរព្រះអង្គថា៖«តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចអោយលោកធ្វើការទាំងនេះ?»។29ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។30សូមឆ្លើយប្រាប់ខ្ញុំមើល៍តើនរណាចាត់លោកយ៉ូហាន អោយមកធ្វើពិធីជ្រមុជទឹក ? ព្រះជាម្ចាស់ ឬ មនុស្ស?»។31គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានអោយមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?32ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកអោយមក...» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។33ដូច្នេះគេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។