1ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និង ត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។2មានពួកខាងគណៈផារីស៊ី ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖«តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។3ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេ បង្គាប់អ្នករាល់គ្នាអោយធ្វើអ្វី?»។4គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតអោយស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេចែងបទបញ្ជា ទាំងនេះអោយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។6ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោកព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ដ្រី។7"ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន]8ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ" គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។9ដូច្នេះមនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។10ពេលទៅដល់ផ្ទះពួកសិស្សទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។11ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។12រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។13មានមនុស្សម្នានាំក្មេងតូចៗមកអោយព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្ដែ ពួកសិស្ស ស្ដីបន្ទោសអ្នកទាំងនោះ។14កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកអោយក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់បាន។15ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។16បន្ទាប់មក ព្រះអង្គអោបក្មេងទាំងនោះ រួចប្រទានពរអោយពួកវា ដោយដាក់ព្រះហស្ដពីលើ។17កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។18ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។19អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា"កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្ដិនរណាអោយសោះ ចូរគោរពមាតាបិតា"»។20បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជា ទាំងនេះ តាំងពីក្មេងមក»។21ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ទ្រង់មានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកអោយជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្ដិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។22កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ដដ្បិតគាត់មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភណាស់។23ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់បានទេ»។24ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់!25សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមាន ចូលក្នុងព្រះរាជ្យ ព្រះជាម្ចាស់ទៅទៀត»។26ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។27ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖«ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។28លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។29ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬ ស្រែចំការ ព្រោះតែខ្ញុំ និង ព្រោះតែដំណឹងល្អ30អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និង ស្រែចំការ ព្រមទាំងទទួលការបៀតបៀនហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខ ថែមទៀតផង។31មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។32ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម ជាមួយពួកសិស្ស ។ ព្រះអង្គយាងនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសិស្សទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គ៖33«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួក នាយកបូជាចារ្យ និង ពួកអាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅ ក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។34ពួកនោះនឹងចំអកអោយលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។35បន្ទាប់មកលោកយ៉ាកុប និង លោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្ដាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។36ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់អោយខ្ញុំធ្វើអ្វី?»។37គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានអោយយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។38ព្រះយេស៊ូមានព្រះបន្ទូលថា៖«អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។39គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និង ទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន40ចំណែកឯអង្គុយនៅខាងស្ដាំឬ ខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសំរេចបានឡើយ ព្រោះកន្លែងនោះបំរុងទុកសំរាប់តែអ្នកដែលព្រះជាម្ចាស់បានសំរេចអោយប៉ុណ្ណោះ»។41កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងលោកយ៉ាកុប និង លោកយ៉ូហាន ជាខ្លាំង។42ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។43ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។44ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបំរើគេគ្រប់គ្នាសិន45ដ្បិតបុត្រមនុស្ស មកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកឡើយ គឺលោកមកបំរើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។46ព្រះយេស៊ូ និង ពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសិស្ស និង បណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។47កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាទូលបង្គំផង»។48មនុស្សជាច្រើនបានគំរាមគាត់អោយនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាទូលបង្គំផង!»។49ព្រះយេស៊ូក៏ឈប់ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖«កុំអស់សង្ឃឹមក្រោកឡើង លោកហៅអ្នក»។50គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តំរង់ទៅរកព្រះយេស៊ូ។51ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំអោយបានភ្លឺផង»។52ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។