1ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះ នឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់ មកដល់ប្រកបដោយឫទ្ធានុភាព»។2ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហានឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបីនាក់3គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើអោយសយ៉ាងនេះបានឡើយ។4ពេលនោះសិស្សទាំងបីនាក់ឃើញព្យាការី អេលីយ៉ា និង លោកម៉ូសេ សន្ទនាជាមួយព្រះយេស៊ូ។5លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់លោកអេលីយ៉ា»។6លោកពេត្រុសមាន ប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។7ពេលនោះស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖«នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។8រំពេចនោះ ពួកសិស្សក្រឡេក មើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។9ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបីទ្រង់ហាមប្រាមគេ មិនអោយនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។10អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖«តើ "រស់ឡើងវិញ" មានន័យដូចម្ដេច?»។11បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយ ថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។12ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្ដែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។13ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។14ព្រះយេស៊ូ និង អ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ទ្រង់ទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ ជជែកជាមួយគេផង។15កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡំាងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។16ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។17ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើអោយគនិយាយពុំរួច។18នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំ ប្របាទលើដីអោយបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។19ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រំានៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកអោយខ្ញុំ»។20គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះអោយប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។21ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។22វិញ្ញាណអាក្រក់ធ្វើអោយវាដួលលើភ្លើង អោយវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់អោយវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។23ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា "ប្រសិនបើលោកអាចជួយបាន" ដូច្នេះ? ព្រះជាម្ចាស់អាចសំរេចកិច្ចការសព្វគ្រប់ ទាំងអស់ដល់អ្នកជឿ»។24ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្ដាជួយ អោយខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។25ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតអោយសោះ!»។26វាក៏ស្រែកឡើង ព្រមទាំងធ្វើអោយក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើអោយមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។27រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើងក្មេងនោះក៏ក្រោកឈរ។28កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖«ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។29ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន »។30ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យអោយនរណាដឹងឡើយ។31ព្រះអង្គបង្រៀនពួកសិស្សអោយដឹងថា បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្ដែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។32ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។33ព្រះយេស៊ូ និង ពួកសិស្ស ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖« ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។34ពួកសិស្សនៅស្ងៀមដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។35ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនអោយតូចជាងគេ ព្រមទាំងបំរើគេទាំងអស់គ្នាផង»។36បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ អោយមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គអោបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖37«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។38លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។39ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ40ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។41ម៉្យាងទៀត បើអ្នកណាអោយទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ដ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។42អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកអោយគាត់នៅរស់។43ប្រសិនបើដៃនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរកដែលមានភ្លើងមិនចេះរលត់ [44ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។45ប្រសិនបើជើងនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [46ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។47ប្រសិនបើភ្នែកនាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់មានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក48ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់49ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។50អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងអោយវាប្រៃឡើងវិញបាន?51ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្ដទៅ»។