Khmer

Mark

8

1នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មក មានព្រះបន្ទូលថា៖2«ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។3ប្រសិនបើខ្ញុំអោយគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លំាងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។4ពួកសិស្សទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារ ឯណាអោយគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។5ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖«តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។6ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានអោយពួកសិស្ស ចែកបណ្ដាជន។7គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសិស្សអោយចែកត្រីទាំងនោះដល់គេ។8គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំបុ័ង និង ត្រីដែលនៅសល់ បានប្រាំពីរជាល។9នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេអោយវិលត្រឡប់ទៅផ្ទះវិញ។10ភ្លាមនោះ ព្រះអង្គយាងចុះទូក ជាមួយពួកសិស្ស ឆ្ពាះទៅតំបន់ដាល់ម៉ានូថា។11ពួកខាងគណៈផារីស៊ី មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមអោយព្រះអង្គសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។12ព្រះយេស៊ូដកដង្ហើមធំរួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសំគាល់ដូច្នេះ? ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនអោយគេឃើញទីសំគាល់ណាឡើយ»។13បន្ទាប់មក ព្រះអង្គយាងចាកចេញ ពីគេចុះទូកឆ្លងទៅត្រើយម្ខាងវិញ។14ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ។ ក្នុងទូកគេមាននំបុ័ងតែមួយដុំប៉ុណ្ណោះ។15ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ អោយមែនទែន»។16ពួកសិស្ស ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។17ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖«ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្ដរឹងរូស?។18អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ19កាលខ្ញុំកាច់នំបុ័ងប្រាំដុំ ចែកអោយមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។20«ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកអោយមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។21ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ ទៀតឬ!»។22ព្រះយេស៊ូ និង ពួកសិស្ស ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមអោយព្រះអង្គពាល់គាត់។23ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?»24បុរសនោះបើកភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។25ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។26ព្រះយេស៊ូប្រាប់គាត់អោយវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិអោយ សោះ»។27ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីព ជាមួយពួកសិស្ស ។ នៅតាមផ្លូវព្រះអង្គមានព្រះបន្ទូលសួរគេថា៖«តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។28ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។29ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ»។30ព្រះយេស៊ូហាមប្រាមសិស្ស មិនអោយនិយាយប្រាប់គេអំពីព្រះអង្គឡើយ។31បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសិស្សថា បុត្រមនុស្ស ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។32ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសព្រះអង្គ។33ព្រះយេស៊ូងាកទតទៅពួកសិស្ស ឯទៀតៗ ហើយទ្រង់មានព្រះបន្ទូលបន្ទោសលោកពេត្រុសវិញថា៖«នែ៎!មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។34បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និង សិស្សរួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។35ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និង ព្រោះតែដំណឹងល្អ នឹងបានជីវិតវិញ។36បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិតនោះនឹងមានប្រយោជន៍អ្វី?37តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?38នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និង ក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និង ទេវតា ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។