1ពេលព្រះយេស៊ូយាងចេញ ពីព្រះវិហារ ទៅ មានសិស្ស ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។2ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។3ព្រះអង្គគង់នៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ ។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និង លោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖4«សូមព្រះគ្រូប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ព្រឹត្ដិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ6ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា "ខ្ញុំនេះហើយជាព្រះគ្រិស្ដ !"។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។7កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។8ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រី ដែលហៀបនឹងសំរាលកូន។9ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនអោយមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ គេនឹងនាំអ្នករាល់គ្នាទៅអោយទេសាភិបាល និង អោយស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ជាឱកាសសំរាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពអោយគេដឹងឮ។10ត្រូវប្រកាសដំណឹងល្អ អោយមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។11ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានអោយអ្នករាល់គ្នានិយាយនៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។12បងប្អូននឹងចាប់បញ្ជូនគ្នាទៅអោយគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅអោយគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅអោយគេសម្លាប់ទៀតផង។13មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្ដែ អ្នកណាស៊ូទ្រំារហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។14«ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរអោយស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ-សូម អោយអ្នកអានយល់ពាក្យនេះចុះ- ពេលនោះអស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។15រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ16ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។17គ្រានោះស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន។18ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ19ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។20ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។21ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ "កុំជឿគេឡើយ22ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។23ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។24«លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ25រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។26ពេលនោះ គេនឹងឃើញ បុត្រមនុស្ស យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និង ដោយសិរីរុងរឿង។27លោកនឹងចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។28«ចូរអ្នករាល់គ្នាយកពាក្យប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។29ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។30ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។31ផ្ទៃមេឃ និង ផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។32រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬ ព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។33អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីអោយមែនទែន34ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកអោយពួកអ្នកបំរើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារអោយរៀងៗខ្លួនព្រមទាំងបង្គាប់អោយអ្នកយាមផ្ទះប្រុងស្មារតីផង។35អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមានរងាវ ឬ ពេលព្រលឹមទេ36ក្រែងលោកត្រឡប់មកវិញ ដោយមិនបានអោយដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។37ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។