1នៅពីរថ្ងៃមុនបុណ្យចម្លង និង បុណ្យនំបុ័ងឥតមេ ក្រុមនាយកបូជាចារ្យ និង ពួកអាចារ្យ នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។2ប៉ុន្ដែ គេនិយាយគ្នាថា៖«កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។3ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ដ្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះ មានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។4មានអ្នកខ្លះនៅទីនោះ ទាស់ចិត្ដយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ!5បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។6ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។7អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្ដអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។8ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសំរាប់យកទៅបញ្ចុះក្នុងផ្នូរ។9ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូលកាលណាគេប្រកាសដំណឹងល្អ គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំលឹកអំពីនាង។10យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស ម្នាក់ក្នុងក្រុមដប់ពីររូបបានទៅជួបពួកនាយកបូជាចារ្យ ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។11កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្ដណាស់ ហើយសន្យាថានឹងអោយប្រាក់គាត់។ យូដាសក៏រកឱកាសល្អដើម្បីនាំគេទៅចាប់ព្រះអង្គ។12នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សំរាប់បុណ្យចម្លង ពួកសិស្ស ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់អោយយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យចម្លង នៅកន្លែងណា?»។13ព្រះអង្គចាត់សិស្ស ពីររូបអោយទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ14គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា "បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង នៅឯណា?"។15ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាង លើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសំរាប់យើង នៅក្នុងបន្ទប់នោះចុះ»។16សិស្ស ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសំរាប់បុណ្យចម្លង។17លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសិស្សទាំងដប់ពីររូប។18នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសិស្ស ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។19ពួកសិស្សព្រួយចិត្ដក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។20ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។21បុត្រមនុស្ស ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។22នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះនេះជារូបកាយរបស់ខ្ញុំ»។23បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានអោយពួកសិស្ស ពួកសិស្សក៏បរិភោគទាំងអស់គ្នា។24ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំគឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសំរាប់មនុស្សទាំងអស់។25ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពំាងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពំាងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។26ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។27ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖«អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា "យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ"។28ក៏ប៉ុន្ដែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។29លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។30ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថានៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។31ប៉ុន្ដែលោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។32ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន សិន»។33ព្រះអង្គនាំលោកពេត្រុសលោកយ៉ាកុប និង លោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។34ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។35ព្រះអង្គយាងទៅមុខបន្ដិច ក្រាបចុះដល់ដីទូលអង្វរសូមអោយទុក្ខលំបាកនេះ ចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។36ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសំរេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ ប៉ុន្ដែ សូមកុំតាមបំណងចិត្ដទូលបង្គំឡើយ គឺសូមអោយបានសំរេចតាមព្រះហឫទ័យព្រះអង្គវិញ»។37ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖«ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រំាប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ?38ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំអោយចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។39ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរ ដោយប្រើពាក្យដដែល។40ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។41ព្រះយេស៊ូវិលមករកគេជាលើក ទីបីមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត?ប៉ុណ្ណឹងល្មមហើយ!ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។42ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។43ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីររូបមកដល់ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ បានចាត់អ្នកទាំងនោះអោយមក។44យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងអោយមែនទែន»។45កាលមកដល់ភ្លាម យូដាសដើរតំរង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ46ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។47មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបំរើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។48ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោក កាន់ដាវ កាន់ដំបង មកចាប់ខ្ញុំដូច្នេះ?។49ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ ជាមួយអស់លោកទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើងដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។50ពេលនោះ ពួកសិស្សបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។51មានកំឡោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទំាងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ52តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។53គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ ។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ មកជួបជុំទាំងអស់គ្នានៅទីនោះ។54លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអំាងភ្លើងជាមួយកងរក្សាព្រះវិហារ ។55ពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។56មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្ដែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។57មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖58«យើងបានឮអ្នកនេះពោលថា "ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ"»។59ប៉ុន្ដែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។60ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?»61ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះដែលយើងសរសើរតម្កើងមែនឬ?»។62ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញបុត្រមនុស្ស គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក នៅលើមេឃ»។63លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ64អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសំរេចចិត្ដទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។65អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ដ្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖«ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។66ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ដ្រីបំរើម្នាក់របស់លោកមហាបូជាចារ្យ មកដល់។67នាងឃើញលោកពេត្រុសកំពុងអំាងភ្លើង ក៏សំឡឹងមើលមុខគាត់អោយបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។68ប៉ុន្ដែលោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។69ស្ដ្រីបំរើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។70លោកពេត្រុសប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។71លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមអោយព្រះជាម្ចាស់ដាក់ ទោសខ្ញុំចុះខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។72ភ្លាមនោះ មាន់រងាវឡើង ជាលើកទីពីរ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា "មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ" គាត់ក៏ទ្រហោយំ។