1ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស ក៏ទៅតាមព្រះអង្គដែរ។2លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះ មកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះ ជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះ កើតឡើងដោយវិធីណា?3តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និង ស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន ក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបានឡើយ។4ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតាគេមើលងាយព្យាការី តែក្នុងស្រុកកំណើតក្នុងក្រុមគ្រួសារ និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។5នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីបានឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេអោយបានជាប៉ុណ្ណោះ។6ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។ ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។7ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់អោយទៅ ទាំងប្រទានអោយគេមានអំណាចដេញលើវិញ្ញាណអាក្រក់ផង។8ព្រះអង្គផ្ដែផ្ដាំគេមិនអោយយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬ យកប្រាក់កាសជាប់នឹងខ្លួន9ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយអោយសោះ»។10ព្រះអង្គមានព្រះបន្ទូលថា៖«បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។11បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។12ពួកសិស្សក៏ចេញទៅ ប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិត។13គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសអោយគេបានជាសះស្បើយ។14ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្ដិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។15អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។16រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ទ្រង់មានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហានដែលយើងបានអោយគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។17ព្រះបាទហេរ៉ូដបានបញ្ជាអោយគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។18លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។19ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត20ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត និង ជាអ្នកដ៏វិសុទ្ធ ។ ដូច្នេះ ទ្រង់ការពារលោក។ កាលទ្រង់ព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ទ្រង់សព្វព្រះហឫទ័យជាខ្លាំង តែទ្រង់រារែកមិនដឹងជាត្រូវគិតយ៉ាងណា។21មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ព្រះអង្គបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និង នាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។22បុត្រីរបស់ព្រះនាងក៏ចូលមករំា ធ្វើអោយស្ដេចហេរ៉ូដ និង ភ្ញៀវទាំងអស់ពេញចិត្ដណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងអោយនាង»។23រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងអោយនាង ទោះបីនគរមួយចំហៀងក៏ដោយ»។24នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។25នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖«ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។26ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។27ទ្រង់បញ្ជាទាហានម្នាក់ អោយទៅយកក្បាលលោកយ៉ូហានមកភ្លាម។28ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាល ដាក់លើថាសមួយមកប្រគល់អោយនាង ហើយនាងយកទៅថ្វាយមាតា។29កាលពួកសិស្សរបស់លោក យ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។30ពួកសាវ័ក វិលត្រឡប់មកគាល់ព្រះ យេស៊ូវិញរៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និង សេចក្ដីទាំងអស់ដែលគេបានបង្រៀន។31មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើអោយព្រះយេស៊ូ និង ពួកសិស្ស រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមក រកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សំរាកបន្ដិចសិន»។32ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។33ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និង ពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និង សិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។34កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។35ពេលនោះថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង36សូមប្រាប់អ្នកទាំងនេះអោយត្រឡប់ទៅវិញទៅរកទិញម្ហូបអាហារបរិភោគ តាមផ្ទះ តាមភូមិជិតៗនេះ»។37ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖«ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារអោយគេបរិភោគឬ?»។38ព្រះអង្គមានព្រះបន្ទូលសួរគេថា៖«ទៅមើលមើល៍អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖«យើងខ្ញុំមាននំបុ័ងប្រាំដុំ និង ត្រីងៀតពីរកន្ទុយ»។39ព្រះយេស៊ូបង្គាប់ពួកសិស្សអោយប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។40គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមាន ហាសិបនាក់។41ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះអោយគេទាំងអស់គ្នាដែរ។42អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។43ពួកសិស្ស ប្រមូលនំបុ័ង និង ត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។44ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។45រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនអោយត្រឡប់ទៅវិញ។46កាលអោយបណ្ដាជនចេញផុតអស់ហើយព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។47លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញទ្រង់គង់នៅលើគោកតែមួយព្រះអង្គឯង។48ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាកដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹក ឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។49កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលងក៏នាំគ្នាស្រែក50ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។51បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់52ដ្បិតគេពុំទាន់បានយល់អំពីរឿងនំបុ័ងមកពីគេមានចិត្ដរឹងរូស។53កាលព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។54ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។55គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាព្រះអង្គគង់នៅ។56គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬ តាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះៗអស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។