1ព្រះយេស៊ូ និង ពួកសិស្ស បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន។2កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតំរង់មករកព្រះអង្គ។3បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។4គេដាក់ខ្នោះជើង និ ង យកច្រវាក់ចងគាត់ច្រើនដង ប៉ុន្ដែ គាត់នៅតែកាច់បំបាក់ច្រវាក់ និង ខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់បានឡើយ។5គាត់រស់នៅតាមទី បញ្ចុះសព និង តាមភ្នំទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។6កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ7ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី!»។8វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖«នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។9ព្រះយេស៊ូមានព្រះបន្ទូលទៅវិញ្ញាណអាក្រក់ថា៖ «ឯងឈ្មោះអី?» វិញ្ញាណអាក្រក់ឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។10វាទទូចអង្វរ សូមកុំអោយព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។11នៅក្បែរនោះមានជ្រូកមួយហ្វូងធំ កំពុងរកស៊ីនៅតាមចង្កេះភ្នំ។12វិញ្ញាណអាក្រក់ទាំងនោះអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំអោយទៅចូលក្នុងជ្រូកទាំងនោះទៅ!»។13ព្រះយេស៊ូក៏យល់ព្រម។ វិញ្ញាណអាក្រក់ចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជំរាលភ្នំ តំរង់ទៅសមុទ្រ លង់ទឹកងាប់អស់។14ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និង អ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។15គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។16អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និង អំពីហ្វូងជ្រូក។17គេទូលអង្វរព្រះយេស៊ូ អោយចាកចេញពីស្រុកភូមិរបស់គេ។18ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។19ព្រះយេស៊ូមិនយល់ព្រមទេផ្ទុយទៅវិញ ទ្រង់មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។20បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់អោយប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់កោតស្ញប់ស្ញែងក្រៃលែង។21ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។22ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ ម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ23ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃ លើនាង ដើម្បីសង្គ្រោះនាងអោយមានជីវិត»។24ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើន កុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។25នៅពេលនោះ មានស្ដ្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នំាមកហើយ។26គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្ដិទាំងប៉ុន្មាន ដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញនាងកាន់តែឈឺខ្លាំងឡើងៗ។27នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ28ដ្បិតនាងនឹកក្នុងចិត្ដថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។29រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។30នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាម ថាមានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។31ពួកសិស្ស ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។32ព្រះយេស៊ូទតមើលជុំវិញដើម្បីអោយដឹងថា អ្នកណាបានពាល់ព្រះអង្គ។33ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។34ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅអោយបានសុខសាន្ដ ហើយសូមអោយនាងជាសះស្បើយពីជំងឺចុះ!»។35កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖«កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។36ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។37ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហានជាប្អូនរបស់គាត់។38កាលទៅដល់ផ្ទះលោកយ៉ៃរូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។39ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូល ទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិន ស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។40គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេអោយចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្ដាយក្មេង និង សិស្សទាំងបីរូប ចូលទៅក្នុងបន្ទប់ដែល ក្មេងស្រីនោះដេក។41ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូមី!» (ប្រែថា "នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!")។42ក្មេងស្រីក៏ក្រោកឡើងដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នំាហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ43ប៉ុន្ដែ ព្រះយេស៊ូហាមប្រាមគេ មិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេអោយយក ចំណីអាហារមកអោយក្មេងស្រីនោះ បរិភោគ។