1ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំ គ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។2ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖3«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។4ពេលគាត់ព្រោះ មានគ្រាប់ពូជ ខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមាន ថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។6លុះដល់ថ្ងៃក្ដៅពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនអោយបង្កើតផលបានឡើយ។8គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់ បង្កើតផលខ្លះអោយផលមួយជាសាមសិប ខ្លះទៀតអោយមួយជាហុកសិប និង ខ្លះទៀតមួយជាមួយរយ»។9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។10កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និង សិស្សទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។11ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។12ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសអោយគេ»។13ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផងធ្វើម្ដេចអោយអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!14អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល15មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយមារសាតាំង ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្ដគេទៅភ្លាម។16មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយគេទទួលយកភ្លាម ដោយអំណរ17ប៉ុន្ដែ គេពុំទុកអោយព្រះបន្ទូល ចាក់ឫស នៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្ដតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។18មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ19ប៉ុន្ដែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។20រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀត បានមួយជាមួយរយ»។21បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។22គ្រប់ការលាក់កំបាំងនឹងត្រូវបើកអោយគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកអោយមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។23អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។24ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដីដែលអ្នករាល់គ្នាស្ដាប់នេះអោយមែនទែន។ ព្រះជាម្ចាស់នឹងវាល់អោយអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់អោយអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមអោយអ្នករាល់គ្នា25ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀត តែអ្នកណាដែលគ្មានព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។26ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ របស់ព្រះជាម្ចាស់ ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវនៅក្នុងស្រែរបស់ខ្លួន។27ទោះបីគាត់ដេកក្ដី ក្រោកក្ដី យប់ក្ដី ថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើងដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ28ដ្បិតដីធ្វើអោយពូជបង្កើតផលដោយខ្លួនឯងដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរហើយចេញជាគ្រាប់ស្រូវ។29លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចំរូតហើយ»។30ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ?31ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។32លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខាមានម្លប់អោយបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។33ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។34ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្ដែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសិស្ស ។35នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។36ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមាន ទូកឯទៀតៗទៅជាមួយដែរ។37ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោក ប៉ះនឹងទូកបណ្ដាលអោយទឹកចូលស្ទើរពេញ។38រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។39ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង បញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។40បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។41ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជា ខ្យល់ព្យុះ និង សមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។