Khmer

Mark

3

1ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ ម្ដងទៀត នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។2ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះអោយជា នៅថ្ងៃសប្ប័ទ ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។3ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។4បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖«នៅថ្ងៃសប្ប័ទតើច្បាប់អនុញ្ញាតអោយធ្វើអំពើល្អ ឬ ធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬ ប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។5ព្រះយេស៊ូបែរព្រះភ័ក្ដ្រទតមើលទៅ អ្នកដែលនៅជុំវិញ ទាំងព្រះពិរោធហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្ដរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។6ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។7ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស ។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា8ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និង ក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។9ព្រះយេស៊ូប្រាប់ពួកសិស្ស អោយរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ10ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិតដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនអោយបានជា។11ម៉្យាងទៀតពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។12ប៉ុន្ដែព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនអោយនិយាយប្រាប់គេថា ព្រះអង្គជានរណាឡើយ។13បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។14ព្រះអង្គតែងតាំងសាវ័កដប់ពីររូប អោយគេនៅជាមួយព្រះអង្គ និង ដើម្បីចាត់គេអោយទៅប្រកាសដំណឹងល្អ15ទាំងអោយគេមានអំណាចដេញអារក្សថែមទៀតផង។16ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលទ្រង់ដាក់ ឈ្មោះថា ពេត្រុស17យ៉ាកុបជាកូនរបស់លោកសេបេដេ និង យ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូ ដាក់ឈ្មោះថា "បោនអ៊ើកេ" ប្រែថា "អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់"18អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម19និង យូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។20កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំអោយព្រះអង្គ និង ពួកសិស្ស រកពេលបរិភោគមិនបានសោះ។21ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើ ដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ។22ពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖«អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចអោយ»។23ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត?24ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។25ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។26ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។27គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យ សម្បត្ដិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិនទើបអាចប្លន់យកទ្រព្យ សម្បត្ដិក្នុងផ្ទះគាត់បាន។28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាបើមនុស្សលោកធ្វើអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។29រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។30ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថាព្រះអង្គមានវិញ្ញាណអាក្រក់ នៅក្នុងខ្លួន។31ពេលនោះមាតា និង បងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេអោយចូលមក ហៅព្រះអង្គ។32បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និង បងប្អូនលោក មករកលោកនៅខាងក្រៅ!»។33ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។34ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ35ដ្បិតអ្នកណាប្រព្រឹត្ដតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។