1ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។2មានមនុស្សយ៉ាងច្រើន មកមូលផ្ដុំគ្នាកកកុញគ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលអោយគេស្ដាប់។3មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។4ប៉ុន្ដែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសំរូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។5កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«កូនអើយ! ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ»។6ពួកអាចារ្យខ្លះ ដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្ដថា៖7«ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្ស អោយរួចពីបាបបាន!»។8ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅ គេថា៖«ហេតុអ្វីបាន ជាអ្នករាល់គ្នារិះគិតដូច្នេះ?9បើខ្ញុំប្រាប់អ្នកពិការនេះថា "ខ្ញុំអត់ទោសអោយអ្នកបានរួចពីបាបហើយ" ឬថា "ចូរក្រោកឡើងយកគ្រែស្នែងរបស់អ្នកដើរទៅចុះ" តើឃ្លាមួយណាស្រួលនិយាយជាង?10ប៉ុន្ដែ ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសអោយមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖11«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។12មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។13ព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេ ម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។14កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។15បន្ទាប់មក ព្រះយេស៊ូសោយ ព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និង ពួកសិស្ស ។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមព្រះអង្គ។16ពួកអាចារ្យពីគណៈផារីស៊ី ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និង ជាមួយមនុស្សបាប?»។17ព្រះយេស៊ូបាន ឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យ ឡើយមានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។18ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និង ពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និង សិស្សខាងគណៈផារីស៊ី តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក មិនតមដូច្នេះ?»។19ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ក្នុងពិធីមង្គលការ នៅពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណា កូនកំឡោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។20ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។21ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលអោយសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។22ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើអោយថង់ស្បែកនោះធ្លាយ បណ្ដាលអោយខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។23មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។24ពួកខាងគណៈផារីស៊ី ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបាន ជាសិស្សរបស់លោកធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។25ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដ នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។26នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ ។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកអោយពួកបរិពារបរិភោគទៀតផង។ តាមច្បាប់ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។27ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីអោយបំរើថ្ងៃសប្ប័ទឡើយ។28ហេតុនេះហើយបានជាបុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ»។