Khmer

Mark

1

1ដំណឹងល្អ អំពីព្រះយេស៊ូគ្រិស្ដ ជាព្រះបុត្រា របស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅៈ2ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ»។3មានសំឡេងបុរសម្នាក់ ស្រែកនៅវាលរហោ ស្ថាថាៈ "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ"»។4ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក នៅវាលរហោស្ថាន។ លោកប្រកាសអោយមនុស្សម្នាកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសអោយរួចពីបាប។5អ្នកស្រុកយូដាទាំងអស់ និង អ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកអោយគេក្នុងទន្លេយ័រដាន់។6លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និង ទឹកឃ្មុំ។7លោកប្រកាសប្រាប់បណ្ដាជនថា៖«លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។8ខ្ញុំបានធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងទឹករីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ »។9នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក ពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។10ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ទ្រង់ទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។11មានឮព្រះសូរសៀងពីលើមេឃមកថា៖«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើងយើងគាប់ចិត្ដនឹងព្រះអង្គណាស់!»។12រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។13ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា បំរើព្រះអង្គផង។14ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំងព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់។15ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ របស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។16កាលព្រះយេស៊ូយាងតាមឆេ្នរសមុទ្រកាលីឡេព្រះអង្គទតឃើញលោកស៊ីម៉ូន និង លោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។17ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកអោយនេសាទមនុស្សវិញ»។18អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។19កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូនកំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។20ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកអោយនៅក្នុងទូកជាមួយពួកកូនឈ្នួល។21ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស ។ នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ ហើយព្រះអង្គបង្រៀនអ្នកស្រុក។22អ្នកដែលបានស្ដាប់ព្រះអង្គ ងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូល ប្រកបដោយអំណាចខុសប្លែកពីពួក អាចារ្យ ។23នៅពេលនោះ ក្នុងសាលាប្រជុំ មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនស្រែកឡើងថា៖24«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។25ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម!ចេញពីអ្នកនេះភ្លាម!»។26វិញ្ញាណអាក្រក់ក៏ធ្វើអោយបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។27មនុស្សម្នាទាំងអស់ ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។28ព្រះកិត្ដិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។29ព្រះយេស៊ូ និង សិស្ស នាំគ្នាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន និង លោកអនទ្រេ លោកយ៉ាកុប និង លោកយ៉ូហាន ក៏ទៅជាមួយដែរ។30ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សំរាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់គេទូលព្រះអង្គភ្លាមថាគាត់ឈឺ។31ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់អោយក្រោកឡើងគាត់ក៏បាត់គ្រុន ហើយបំរើភ្ញៀវ។32លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និង មនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។33អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។34ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗ អោយបានជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតអោយអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។35ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន នៅទីនោះ។36លោកស៊ីម៉ូន និង អ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។37លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។38ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ នៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។39ព្រះអង្គយាងទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អ នៅតាមសាលាប្រជុំ ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។40មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទអោយបានជាស្អាតបរិសុទ្ធ ផង»។41ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយចូរអោយបានជាស្អាតបរិសុទ្ធចុះ!»។42មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។43បន្ទាប់មក ព្រះយេស៊ូដេញគាត់អោយចេញទៅភ្លាម ទាំងមានព្រះបន្ទូល យ៉ាងតឹងរ៉ឹងថា៖44«ចូរប្រយ័ត្នអោយមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់អោយនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយ ដូចលោកម៉ូសេ បានបង្គាប់ទុក ដើម្បីជាសក្ខីភាព បញ្ជាក់ថាអ្នកបានជាស្អាតបរិសុទ្ធមែន»។45ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និង ផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងអោយគេដឹង។ ហេតុនេះហើយបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនបានទៀតឡើយគឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។