1ក្រោយថ្ងៃសប្ប័ទ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។2ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតា របស់ព្រះអម្ចាស់ ចុះពីស្ថានបរមសុខ មកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។3ទេវតានោះមានទ្រង់ទ្រាយភ្លឺដូចផ្លេកបន្ទោរ និង មានសម្លៀកបំពាក់សដូចសំឡី។4ទាហានភ័យញ័រជាខ្លាំង ភាំងស្មារតីដូចមនុស្សស្លាប់។5ទេវតានិយាយទៅកាន់ស្ដ្រីៗថា៖ «កុំភ័យខ្លាចអ្វី ! ខ្ញុំដឹងថានាងៗ មករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង។6ព្រះអង្គមិននៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលរួចមកហើយ សុំមកមើលកន្លែងដែលគេដាក់ព្រះសពព្រះអង្គឯណេះសិន7ហើយសឹមអញ្ជើញទៅប្រាប់ពួកសិស្សរបស់ព្រះអង្គជាប្រញាប់ ថាព្រះអង្គមានព្រះជន្មរស់ ឡើងវិញហើយ ឥឡូវនេះព្រះអង្គយាង ទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ សុំនាងជ្រាប!»។8ស្ដ្រីទាំងនោះប្រញាប់ប្រញាល់ចេញពីផ្នូរ ទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងនេះរត់ទៅជំរាបពួកសិស្ស។9ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ទ្រង់មានព្រះបន្ទូលថា៖ «ជំរាបសួរនាង!»។ នាងទាំងនោះក៏ចូលមកអោបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។10ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំអោយទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។11កាលស្ដ្រីទាំងនោះ កំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជំរាបពួកនាយកបូជាចារ្យ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។12ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកព្រឹទ្ធាចារ្យហើយសំរេចចិត្ដអោយប្រាក់យ៉ាងច្រើនដល់ពួកទាហាន13ទាំងប្រាប់ថា៖ «ត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់"។14ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំអោយអ្នករាល់គ្នាមានទោស»។15ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។16សិស្ស ទាំងដប់មួយរូប នាំគ្នាធ្វើដំណើរទៅស្រុកកាលីឡេ ហើយឡើងទៅលើភ្នំដែលព្រះយេស៊ូបានប្រាប់អោយគេទៅ។17កាលគេបានឃើញព្រះអង្គ គេក្រាបថ្វាយបង្គំ ប៉ុន្ដែ មានអ្នកខ្លះនៅសង្ស័យ។18ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី។19ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍អោយធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកអោយគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង ព្រះវិញ្ញាណដ៏វិសុទ្ធ ។20ត្រូវបង្រៀនគេអោយប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។