1លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និង ព្រឹទ្ធាចារ្យ ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសំរេចចិត្ដធ្វើគុតព្រះយេស៊ូ។2គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។3កាលយូដាស ជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់អោយពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ វិញ4ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅអោយគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។5យូដាសបាចប្រាក់នោះ នៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។6ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។7ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចំការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។8ហេតុនេះហើយបានជាគេហៅចំការនោះថា «ចំការឈាម» រហូតមកទល់សព្វថ្ងៃ។9ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថាជាថ្លៃទិញលោកនោះ10ហើយគេបានយកប្រាក់នោះទៅទិញចំការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។11ព្រះយេស៊ូ ឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា ៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ ដូច្នេះ»។12ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។13លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។14ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំអោយលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។15ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។16នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។17កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬ យេស៊ូហៅព្រះគ្រិស្ដ?»។18លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថាពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្ដច្រណែន។19នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេអោយមកជំរាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់ »។20ពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នាំគ្នាញុះញង់បណ្ដាជន អោយសុំដោះលែងបារ៉ាបាស និង សុំប្រហារជីវិតព្រះយេស៊ូ។21លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះតើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖«បារ៉ាបាស!»។22លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។23លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្ដអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។24ដោយលោកពីឡាតឃើញថានិយាយទៅ ឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗ ដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ជារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។25ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និង កូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។26លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកអោយគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅអោយគេឆ្កាង។27ពួកទាហានរបស់ លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នា ក្នុងកងនោះមកចោមរោមព្រះអង្គ។28គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។29គេយកបន្លាមកក្រងធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និង យកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំអោយព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។30គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និង យកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។31ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។32ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។33លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»34គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។35ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា36រួចអង្គុយយាមព្រះអង្គនៅទីនោះ។37គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។38ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។39មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ40ទាំងពោលថា៖« អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។41រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ និង ពួកព្រឹទ្ធាចារ្យ ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖42«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រាអែល អោយគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!43គាត់បានទុកចិត្ដលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមអោយព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា"ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់"»។44សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។45ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។46ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលីឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។47អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។48រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។49ប៉ុន្ដែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។50ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។51ពេលនោះ វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា52ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ ជាច្រើនបានរស់ឡើងវិញ53និង នាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនអោយមនុស្សជាច្រើនបានឃើញផង។54កាលនាយទាហានរ៉ូមុំាង និង ពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និង បានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។55នៅទីនោះ មានស្ដ្រីជាច្រើនមើលពីចម្ងាយ គឺស្ដ្រីៗដែលតាមបំរើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។56ក្នុងចំណោមស្ដ្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុប និង យ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។57លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។58គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាអោយគេប្រគល់ព្រះសពមកគាត់។59លោកយ៉ូសែបយកព្រះសពមក រុំនឹងក្រណាត់ផាឌិបថ្មី60រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។61នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និង នាងម៉ារីម្នាក់ទៀតក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។62នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សំរាក ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី នាំគ្នាទៅជួបលោកពីឡាត63ជំរាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ "បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ"។64ហេតុនេះ សូមលោកបញ្ជាអោយគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។65លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងអោយគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។66ពួកគេក៏នាំគ្នាចេញទៅចាត់ចែងអោយយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និង ដាក់ទាហានអោយនៅយាមផង។