1កាលព្រះយេស៊ូមានព្រះបន្ទូលផ្ដែផ្ដាំសិស្ស ទាំងដប់ពីររូប ចប់សព្វគ្រប់ហើយព្រះអង្គយាងចាកចេញពីទីនោះ ទៅបង្រៀន និង ប្រកាសដំណឹងល្អ ដល់ប្រជាជននៅតាមភូមិនានា។2ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃំាង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះគ្រិស្ដ បានធ្វើ។ លោកក៏ចាត់សិស្សអោយទៅទូលសួរព្រះយេស៊ូថា៖3«តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬ មួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។4ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឮ និង បានឃើញនេះទៅ5គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។6អ្នកណាមិនរវាតចិត្ដចេញពីជំនឿដោយសារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។7ពេលពួកសិស្សរបស់លោកយ៉ូហាន ចេញផុតទៅព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? រកមើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?។8តើអ្នករាល់គ្នាទៅរកមើលអ្វី ? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។9បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត10ដ្បិតក្នុងគម្ពីរ មានចែងអំពីលោកយ៉ូហានថា "យើងចាត់ទូតយើងអោយទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ"។11ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។12តាំងពីជំនាន់លោកយ៉ូហានបាទីស្ដ មកទល់សព្វថ្ងៃ ព្រះរាជ្យនៃស្ថានបរមសុខបានរងនូវអំពើឃោរឃៅហើយមនុស្សឃោរឃៅបាននាំគ្នាប្រើកម្លាំងដណ្ដើមយកព្រះរាជ្យនេះផង។13តាំងពីដើម រហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ ក៏មានចែងទុកដែរ។14ជឿខ្ញុំចុះ លោកយ៉ូហានហ្នឹងហើយជាព្យាការីអេលីយ៉ាដែលត្រូវមក។15អ្នកណាឮពាក្យនេះ សុំយកទៅពិចារណាទៅ!16តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ17"យើងបានផ្លុំខ្លុយ តែពួកឯងពុំព្រមរាំទេ យើងបានស្មូតបទទំនួញ ក៏ពួកឯងពុំព្រមគក់ទ្រូងយំដែរ"។18យ៉ាងណាមិញ លោកយ៉ូហានបានមកលោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល19រីឯបុត្រមនុស្ស ក៏បានមកដែរ លោកបរិភោគអាហារ និង ពិសាសុរា តែគេថា "មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និង មនុស្សបាប"។ ប៉ុន្ដែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។20ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសំដែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្ដគំនិតសោះ៖21« អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។22ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។23អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាន នៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃ ជាមិនខាន។24ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។25នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គព្រោះទ្រង់បានសំដែងការទាំងនេះ អោយមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។26មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។27ព្រះបិតារបស់ខ្ញុំបានប្រគល់អី្វៗទាំងអស់មកខ្ញុំគ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។28« អស់អ្នកដែលនឿយហត់ និង មានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាបានសំរាក។29ចូរយកនឹម របស់ខ្ញុំ ដាក់លើអ្នករាល់គ្នាហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្ដមិនខាន ដ្បិតខ្ញុំស្លូត និង មានចិត្ដសុភាព។30នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។