Khmer

Matthew

12

1មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែ នៅថ្ងៃសប្ប័ទ សិស្ស របស់ព្រះអង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។2ពួកខាងគណៈផារីស៊ី ឃើញដូច្នោះទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្ដិហាមមិនអោយធ្វើនៅថ្ងៃសប្ប័ទ!»។3ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និង បរិពារបានប្រព្រឹត្ដនៅពេលឃ្លាន4គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ មានតែពួកបូជាចារ្យ ប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរតើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?5ម៉្យាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ?6ខ្ញុំសុំប្រាប់អ្នករាល់គ្នាថានៅទីនេះ មានម្នាក់ ប្រសើរជាងព្រះវិហារទៅទៀត។7ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា "យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ" នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ8ដ្បិតបុត្រមនុស្ស ជាម្ចាស់លើថ្ងៃសប្ប័ទ »។9ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ របស់គេ។10មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖«នៅថ្ងៃសប្ប័ទ តើយើងមានសិទ្ធិប្រោសអ្នកជំងឺអោយបានជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។11ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ?។12រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទបាន»។13ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។14ពួកខាងគណៈផារីស៊ី ចេញពីសាលាប្រជុំ ហើយពិគ្រោះគ្នា រកមធ្យោបាយធ្វើគុតព្រះអង្គ។15កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេអោយជាពីជំងឺទាំងអស់គ្នា16តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិន អោយនិយាយប្រាប់អ្នកដទៃ ថាព្រះអង្គជានរណាឡើយ17ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី អេសាយថា៖18« លោកនេះហើយជាអ្នកបំរើដែលយើងបាន ជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើអោយចិត្ដយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើង អោយសណ្ឋិតលើលោក ហើយលោកនឹងប្រាប់អោយជាតិសាសន៍ ទាំងអស់ស្គាល់សេចក្ដីសុចរិត។19លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។20លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតអោយមានជ័យជំនះ។21ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។22ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើអោយគាត់ខ្វាក់ផង ថ្លង់ផង។ ព្រះអង្គប្រោសគាត់អោយជា គាត់ក៏និយាយបាន និង មើលឃើញទៀតផង។23មហាជនស្រឡាំងកាំងទាំងអស់គ្នា គេពោលថា៖ «លោកនេះពិតជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន!»។24ប៉ុន្ដែ ពួកខាងគណៈផារីស៊ី ពោលថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ មកពីបេលសេប៊ូល ជាស្ដេចអារក្សប្រគល់អំណាចអោយប៉ុណ្ណោះ»។25ព្រះអង្គឈ្វេងយល់គំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាសមិនខានរីឯក្រុង ឬ ក្រុមគ្រួសារណា បាក់បែកទាស់ទែងគ្នាឯងក៏មិនអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។26បើមារ សាតាំងបណ្ដេញមារសាតាំង ហើយវាបាក់បែកទាស់ទែងនឹងខ្លួនវា ធ្វើម្ដេចអោយរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន!។27ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអាងលើនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នាពុំខាន។28ផ្ទុយទៅវិញ បើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសេចក្ដីថា ព្រះរាជ្យ របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។29ម៉្យាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្ដិរបស់គាត់បានឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្ដិក្នុងផ្ទះគាត់បាន។30អ្នកណាមិនរួមជាមួយខ្ញុំ អ្នកនោះប្រឆំាងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។31ហេតុនេះហើយបានជា ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើមនុស្សលោកប្រព្រឹត្ដអំពើបាប និង ពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គ នឹង លើកលែងទោសអោយបានទាំងអស់ តែបើគេប្រមាថព្រះវិញ្ញាណវិញព្រះអង្គនឹងមិនលើកលែងទោសអោយឡើយ។32បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសអោយបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬ នៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសអោយដែរ»។33«បើដើមល្អ ផ្លែក៏ល្អ តែបើដើមអាក្រក់វិញ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើតាមផ្លែរបស់វា។34នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នា និយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។35មនុស្សល្អតែងប្រព្រឹត្ដល្អព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញតែងប្រព្រឹត្ដអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។36ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកព្រះអង្គនឹងវិនិច្ឆ័យតាមពាក្យសំដីឥតប្រយោជន៍ដែលគេបាននិយាយ37ដ្បិតអ្នកនឹងបានសុចរិតដោយសារពាក្យសំដីអ្នក ឬមួយអ្នកត្រូវទទួលទោសក៏ដោយសារតែពាក្យសំដីរបស់អ្នកដែរ»។38នៅពេលនោះ មានពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី ខ្លះ ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកធ្វើទីសំគាល់ដ៏អស្ចារ្យមួយអោយយើងខ្ញុំឃើញផង!»។39ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ។40លោកយ៉ូណាសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។41នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមនៅពេលដែលអ្នកក្រុងនីនីវេ ឮសេចក្ដីលោកយ៉ូណាសប្រកាស គេបានកែប្រែចិត្ដគំនិត។ រីឯនៅទីនេះមានម្នាក់ ប្រសើរជាងលោកយ៉ូណាសទៅទៀត។42នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។43«កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរក នៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ44វាមុខជានិយាយថា"អញនឹងវិលត្រឡប់ទៅផ្ទះ ដែលអញទើបចេញមក"។ លុះទៅដល់ ឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយតុបតែងល្អ45វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។46ព្រះអង្គកំពុងតែមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ ស្រាប់តែមាតា និង បងប្អូនរបស់ព្រះអង្គ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។47មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។48ព្រះអង្គមានព្រះបន្ទូលតបទៅគាត់វិញថា៖ «តើនរណាជាម្ដាយខ្ញុំ នរណាជាបងប្អូនខ្ញុំ?»។49ព្រះអង្គលើកព្រះហស្ដចង្អុលទៅពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «អ្នកទាំងនេះ ហើយជាមាតា និង ជាបងប្អូនរបស់ខ្ញុំ50ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ អ្នកនោះហើយជាបងប្អូនប្រុសស្រី និង ជាម្ដាយរបស់ខ្ញុំ»។