1នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។2មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។3ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។4ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។5មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។6លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។7គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង រួបរឹតស្រូវមិនអោយដុះបានឡើយ។8គ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់អោយផលជាមួយរយគ្រាប់ មួយទៀតអោយហុកសិប និង មួយទៀតអោយសាមសិប។9អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។10ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុដូចម្ដេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។11ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំង របស់ព្រះរាជ្យ នៃស្ថានបរមសុខ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានអោយយល់ឡើយ។12អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីអោយអ្នកនោះបានបរិបូណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។13ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេ ដោយប្រើពាក្យប្រស្នាគឺទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំឮហើយក៏ពុំយល់ដែរ14ដើម្បីអោយបានស្របនឹងសេចក្ដីដែលព្យាការី អេសាយថ្លែងទុកអំពីពួកគេថា៖ "អ្នករាល់គ្នាស្ដាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ15ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែក មិនអោយមើលឃើញ មិនអោយត្រចៀកស្ដាប់ឮមិនអោយប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេអោយបានជា"។16រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!17ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និង មនុស្សសុចរិត ជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញទេ គេចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ!។18ដូច្នេះ សុំស្ដាប់អត្ថន័យនៃប្រស្នាអំពីអ្នកព្រោះស្រូវដូចតទៅៈ19អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូលដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។20រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ ក៏ទទួលយកភ្លាមដោយអំណរ21ប៉ុន្ដែគេពុំបានទុកអោយព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្ដតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬ ត្រូវគេបៀតបៀន ព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។22អ្នកដែលទទួលគ្រាប់ពូជក្នុងដីមានបន្លា គឺអ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែការខ្វល់ខ្វាយអំពីជីវិតក្នុងលោកីយ៍ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ រួបរឹតព្រះបន្ទូលមិនអោយបង្កើតផលបានឡើយ។23រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយយល់គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និង ខ្លះទៀតបានមួយជាសាមសិប»។24ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។25ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់ បានមកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។26ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។27ពួកអ្នកបំរើចូលមកជំរាបម្ចាស់ស្រែថាៈ "លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?"។28ម្ចាស់តបវិញថាៈ "ពិតជាមានមារសត្រូវមកព្រោះហើយ!"។ ពួកអ្នកបំរើសួរលោកទៀតថាៈ "តើលោកចង់អោយយើងខ្ញុំទៅដកស្រងែនោះចេញឬ?"។29ម្ចាស់តបថាៈ "កុំអី! បើអ្នករាល់គ្នាដក ក្រែងលោដោយស្រូវមកជាមួយដែរ30ទុកអោយវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ ពេលនោះខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែ ចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកអោយខ្ញុំ"»។31ព្រះយេស៊ូមានព្រះបន្ទូល ជាពាក្យប្រស្នាមួយទៀតទៅគេថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។32គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្ដែ ពេលដុះឡើង វាធំជាងដំណំាឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។33ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើអោយម្សៅនោះដោរឡើង»។34ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្ដីទាំងនេះ ទៅកាន់មហាជនជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ35ដើម្បីអោយស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក អោយគេដឹង»។36ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ។ ពួកសិស្ស នាំគ្នាចូលមកគាល់ព្រះអង្គទូលថា៖ «សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែ អោយយើងខ្ញុំបានយល់អត្ថន័យផង»។37ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «អ្នកព្រោះគ្រាប់ពូជល្អ គឺបុត្រមនុស្ស38ស្រែ គឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯស្រងែវិញ គឺកូនចៅរបស់មារ កំណាច។39សត្រូវដែលសាបព្រោះស្រងែ គឺមារ រដូវចំរូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវតា ។40គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។41បុត្រមនុស្សនឹងចាត់ទេវតារបស់លោកអោយមក។ ទេវតាទាំងនោះនឹងប្រមូលពួកអ្នកដែលនាំគេអោយប្រព្រឹត្ដអំពើបាប និង ពួកអ្នកដែលបានប្រព្រឹត្ដអំពើទុច្ចរិតយកចេញពីព្រះរាជ្យ42បោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសំរែកយំសោក ខឹងសង្កៀតធ្មេញ។43រីឯអ្នកសុចរិត វិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យនៃព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។44«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្ដត្រេកអរជាខ្លាំង ក៏ចេញទៅ លក់ទ្រព្យសម្បត្ដិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។45ម៉្យាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។46កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់មកទិញពេជ្រនោះ»។47«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។48ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញ គេបោះចោល។49នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវតា នាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត50រួចបោះមនុស្សទុច្ចរិតទាំងនោះ ទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសំរែកយំសោកខឹងសង្កៀតធ្មេញ។51តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសិស្សទូលព្រះអង្គថា៖ «បាទ យល់!»។52ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយបានជាពួកអាចារ្យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យ ទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។53កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ54ត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ។ ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ របស់គេ ធ្វើអោយគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និង ឫទ្ធានុភាពធ្វើការអស្ចារ្យទាំងនេះមកពីណា?55អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះនាងម៉ារី បងប្អូនគាត់ឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន យូដាស ទេតើ!56ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានរស់នៅក្នុងភូមិជាមួយយើងដែរ។ ដូច្នេះគាត់ដឹងសេចក្ដី ទាំងនេះពីណាមក?»។57ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គបាន។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និង ក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។58នៅទីនោះ ព្រះយេស៊ូពុំបានធ្វើការអស្ចារ្យច្រើនឡើយ ព្រោះគេគ្មានជំនឿ។