Khmer

Matthew

14

1នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ បានជ្រាបអំពីព្រះកិត្ដិនាមរបស់ព្រះយេស៊ូ2ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សំដែងការអស្ចារ្យយ៉ាងនេះ»។3ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ4ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។5ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី មួយរូប។6នៅថ្ងៃបុណ្យខួបចំរើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាស ចូលមករាំនៅមុខភ្ញៀវ ធ្វើអោយស្ដេចពេញចិត្ដយ៉ាងខ្លាំង7រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានអោយទាំងអស់។8នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកអោយខ្ញុំម្ចាស់!»។9ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាអោយគេធ្វើតាមពាក្យសុំរបស់នាង10គឺចាត់ទាហានអោយទៅកាត់កលោកយ៉ូហាន11យកក្បាលដាក់លើថាសមួយប្រគល់អោយនាង រួចនាងយកទៅថ្វាយមាតា។12ពួកសិស្សរបស់លោកយ៉ូហាន មកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។13កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្ដែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។14កាលព្រះយេស៊ូយាងឡើងពីទូក ទតឃើញមហាជនដ៏ច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ហើយទ្រង់ក៏ប្រោសអ្នកជំងឺអោយបានជា។15ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះអោយត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។16ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់អោយគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។17សិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ»។18ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និង ត្រីនោះមកអោយខ្ញុំ»។19បន្ទាប់មកព្រះអង្គប្រាប់បណ្ដាជនអោយអង្គុយលើស្មៅ ព្រះអង្គយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ហើយកាច់នំបុ័ងប្រទានអោយពួកសិស្ស ពួកសិស្សក៏ចែកអោយបណ្ដាជនបរិភោគ។20អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។21អស់អ្នកដែលបានបរិភោគនំបុ័ង មានប្រុសៗទាំងអស់ប្រមាណប្រាំពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។22រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស អោយចុះទូក ឆ្លងទៅត្រើយម្ខាង មុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនអោយវិលត្រឡប់ទៅវិញដែរ។23កាលព្រះអង្គអោយមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំដាច់ឡែកពីគេ ដើម្បីអធិស្ឋាន ។ លុះដល់យប់ ទ្រង់គង់នៅទីនោះតែមួយព្រះអង្គឯង។24ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយ ក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។25ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។26កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះគេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។27រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។28លោកពេត្រុសទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាអោយខ្ញុំអាចដើរលើទឹកទៅរកលោកផង»។29ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!» លោកពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។30ប៉ុន្ដែ កាលលោកឃើញខ្យល់បក់ខ្លាំងលោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។31ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដ ដូច្នេះ?។32បន្ទាប់មក ព្រះអង្គ និង លោកពេត្រុសចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។33អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។34ព្រះយេស៊ូ និង ពួកសិស្ស បានឆ្លងទៅដល់ត្រើយម្ខាងត្រង់ស្រុកគេនេសារ៉ែត។35អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ36អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយ គ្រប់ៗគ្នា។