Khmer

Matthew

15

1មានពួកខាងគណៈផារីស៊ី និង ពួក អាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖2«ហេតុអ្វីបានជាសិស្សរបស់លោកមិនគោរព តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។3ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្ដល្មើសនឹងបទបញ្ជារបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នក រាល់គ្នាវិញដូច្នេះ?។4ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតាបិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត"។5រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា "អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ"6អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទៅប្រព្រឹត្ដតាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ!។7មនុស្សមានពុតអើយ ពាក្យដែលព្យាការី អេសាយថ្លែងទុកអំពីអ្នករាល់គ្នា ត្រូវណាស់គឺៈ8"ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។9គេថ្វាយបង្គំយើងឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ" »។10បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់អោយច្បាស់ថា11អ្វីៗដែលចូលតាមមាត់មនុស្ស ពុំដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធឡើយ ផ្ទុយទៅវិញមានតែអ្វីៗដែលចេញពីមាត់មនុស្សប៉ុណ្ណោះ ដែលធ្វើអោយមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធ»។12ពេលនោះសិស្ស នាំ គ្នា ចូលមកជិតព្រះអង្គហើយទូលថា៖ «សូមព្រះគ្រូជ្រាប ពួកខាងគណៈផារីស៊ី ទាស់ចិត្ដណាស់ មកពីឮព្រះគ្រូមានប្រសាសន៍ដូច្នេះ»។13ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ នឹងដករុក្ខជាតិទាំងឡាយណាដែលព្រះអង្គមិនបានដាំ។14កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។15លោកពេត្រុសទូលព្រះអង្គថា៖ «សូមព្រះគ្រូបកស្រាយពាក្យប្រស្នានេះអោយយើងខ្ញុំយល់ផង»។16ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!17អ្នករាល់គ្នាត្រូវយល់ថា អ្វីៗដែលចូលតាមមាត់មនុស្ស ត្រូវចូលទៅក្នុងពោះ រួចធ្លាក់ទៅទីបន្ទោរបង់!18ផ្ទុយទៅវិញ អ្វីៗដែលចេញពីមាត់មនុស្ស សុទ្ធតែផុសចេញពីចិត្ដមក គឺសេចក្ដីនោះឯងដែលធ្វើអោយមនុស្សទៅជាមិនបរិសុទ្ធ19ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់20គឺការទាំងនេះហើយដែលធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគ ដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។21បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និង ក្រុងស៊ីដូន។22មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្ដាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលអោយវេទនាខ្លាំងណាស់»។23ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។24ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់អោយខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែល ប៉ុណ្ណោះ»។25ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។26ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែ ស៊ីឡើយ»។27នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្ដែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។28ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ នាងមានជំនឿមំាមួនណាស់ដូច្នេះ សូមអោយបានសំរេចតាមចិត្ដនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជា តាំងពីពេលនោះមក។29ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ30មានមហាជនច្រើនកុះករនំាគ្នាចូលមករកព្រះអង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និង អ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះបាទាព្រះអង្គ ហើយព្រះអង្គប្រោសគេអោយបានជាទាំងអស់គ្នា។31ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតាមនុស្សខ្វិនដើរបាន និង មនុស្សខ្វាក់មើលឃើញ មហាជននំាគ្នាកោតស្ញប់ស្ញែងក្រៃលែង ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលផង។32ព្រះយេស៊ូត្រាស់ហៅពួកសិស្ស មកទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់អោយគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។33ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាអោយបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។34ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ និង មានត្រីតូចៗខ្លះដែរ»។35ព្រះអង្គក៏ប្រាប់បណ្ដាជនអោយអង្គុយផ្ទាល់នឹងដី36ទ្រង់យកនំបុ័ងទាំងប្រាំពីរដុំ និង ត្រីមកកាន់ អរព្រះគុណព្រះជាម្ចាស់ហើយកាច់ប្រទានអោយពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។37ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំបុ័ង និង ត្រីដែលនៅសល់ បានប្រាំពីរជាល។38អស់អ្នកដែលបានបរិភោគមានចំនួនបួនពាន់នាក់ ឥតគិតស្រីៗ និង ក្មេងៗផងទេ។39បន្ទាប់មកព្រះអង្គប្រាប់មហាជនអោយវិលត្រឡប់ទៅផ្ទះវិញ រួចទ្រង់យាងចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។