1ពេលនោះ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំអោយព្រះអង្គសំដែងទីសំគាល់មួយបញ្ជាក់ថាព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។2ប៉ុន្ដែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។3នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសំគាល់នាសម័យ នេះ សោះ!4មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះអង្គមិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។5ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ6ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួក ខាងគណៈផារីស៊ី និង មេម្សៅរបស់ពួកខាងគណៈសាឌូស៊ី អោយមែនទែន»។7ពួកសិស្សជជែកគ្នាគេថា៖ «យើងមិនបានយកនំបុ័ងមកទេ!»។8ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ?9អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំបុ័ងប្រាំដុំអោយមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ?10ហើយកាលខ្ញុំចែកនំបុ័ងប្រាំពីរដុំ អោយមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?11ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេគឺខ្ញុំចង់អោយអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឯណោះ»។12ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់អោយគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។13កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។14គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី អេលីយ៉ា អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមា ឬ ជាព្យាការីណាមួយរូប»។15ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។16លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។17ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសំដែងអោយអ្នកដឹង។18ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ19ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ នៃស្ថានបរមសុខ អោយអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។20បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស មិនអោយប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ ឡើយ។21តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់អោយពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ នឹងនាំគ្នាធ្វើបាបព្រះអង្គអោយរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផងតែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។22លោកពេត្រុស នាំព្រះយេស៊ូទៅដាច់ឡែកពីគេហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្ដាអាណិត កុំអោយការណ៍នេះ កើតមានដល់ព្រះអង្គឡើយ»។23ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារ សាតាំងអើយ!ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារំាងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។24បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖«បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ25ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំអ្នកនោះនឹងបានជីវិតវិញ។26បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វី មកប្ដូរនឹងជីវិតរបស់ខ្លួនបាន?27លុះដល់បុត្រមនុស្ស ប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬ ដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។28ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ »។