1ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំ លោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។2ពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស ទាំងបី គឺព្រះភ័ក្ដ្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។3សិស្សទាំងបីបានឃើញលោកម៉ូសេ និង ព្យាការី អេលីយ៉ាសន្ទនាជាមួយព្រះយេស៊ូ។4លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះអង្គ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។5កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់ចូរស្ដាប់ព្រះអង្គចុះ!»។6ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ អោក់មុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។7ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។8កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។9ពេលព្រះអង្គយាងចុះពីលើភ្នំ ជាមួយសិស្ស ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណា អំពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះអោយសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស មានជីវិតរស់ឡើងវិញ»។10ពួកសិស្ស ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។11ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។12ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយតែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។13ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ ។14កាលព្រះយេស៊ូ និង សិស្ស ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ15ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្ដាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលអោយវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និង ធ្លាក់ទឹក ជាញឹកញាប់។16ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាអោយជាបានទេ»។17ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកអោយខ្ញុំ»។18បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្សអារក្សក៏ចេញ ហើយក្មេងនោះបានជា តាំងពីពេលនោះមក។19ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។20ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា "ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!" ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ [21គេអាចដេញអារក្សប្រភេទនេះអោយចេញបាន លុះត្រាតែអធិស្ឋាន និង តមអាហារ»]។22កាលពួកសិស្ស នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។23គេនឹងសម្លាប់លោក ប៉ុន្ដែ នៅថ្ងៃទីបីលោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស ព្រួយចិត្ដជាខ្លាំង។24លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសំរាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសំរាប់ព្រះវិហារឬទេ?»។25លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកពេត្រុសទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។26លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ27ប៉ុន្ដែ ដើម្បីកុំអោយអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយចូរយកកាក់នោះទៅបង់ពន្ធអោយខ្ញុំ និង អោយអ្នកចុះ!»។