1ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ ?»។2ព្រះអង្គហៅក្មេងតូចម្នាក់អោយមកឈរនៅកណ្ដាលចំណោមពួកសិស្ស3រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្ដគំនិតអោយបានដូចក្មេងតូចៗទេអ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ បានឡើយ។4អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះអ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។5អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។6«អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះអោយប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចង ក គាត់ទម្លាក់ទៅក្នុងបាតសមុទ្រ អោយលង់ទឹកប្រសើរជាងទុកគាត់អោយនៅរស់!7មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើន នាំអោយគេប្រព្រឹត្ដអំពើបាប។ ហេតុផ្សេងៗ ដែលនាំអោយគេប្រព្រឹត្ដអំពើបាបនោះ ត្រូវតែមាន ចៀសមិនផុត ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ!8ប្រសិនបើដៃ ឬ ជើងរបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់វាបោះចោល អោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិត មានតែដៃម្ខាង ឬ ជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬ មានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។9ប្រសិនបើភ្នែករបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលអោយឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិត មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។10ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាទេវតា របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភ័ក្ដ្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ គ្រប់ពេលវេលាផង11ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។12«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។13ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមចៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។14រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យអោយអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។15«ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្ដអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះ ស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះ មិនអោយបាត់ឡើយ16តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬ ពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បីសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬ បីនាក់។17ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬ ដូចជាអ្នកទារពន្ធ ចុះ។18ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយ នៅស្ថានបរមសុខដែរ។19ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នាប្រសិនបើមានពីរនាក់នៅលើផែនដីនេះ រួមចិត្ដគំនិតគ្នា ទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ នឹងប្រទានអោយជាមិនខាន20ដ្បិតនៅទីណាមានពីរ ឬ បីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ។21ពេលនោះ លោកពេត្រុស ចូលមកជិតព្រះយេស៊ូហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្ដអំពើបាប មកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសអោយគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។22ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសអោយគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសអោយគេចិតសិបដងប្រាំពីរដង »។23«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជី ជាមួយអ្នកបំរើ។24ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។25ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាអោយលក់ ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។26អ្នកបំរើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេចទូលអង្វរថាៈ "សូមទ្រង់មេត្ដាអត់ឱន ពន្យារពេលអោយទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន"។27ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបំរើនោះពន់ពេកណាស់ ព្រះអង្គក៏អោយគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។28ពេលអ្នកបំរើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់ គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថាៈ "សងប្រាក់អញទាំងអស់មក!"។29គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា "សុំអត់ឱនពន្យារពេលអោយគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន"។30ប៉ុន្ដែ អ្នកបំរើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។31អ្នកបំរើឯទៀតៗឃើញដូច្នោះ ទាស់ចិត្ដជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។32ស្ដេចក៏ហៅអ្នកបំរើនោះមក សួរថាៈ "នែ៎អ្នកបំរើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។33យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?"។34ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាអោយគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។35ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសអោយបងប្អូនដោយស្មោះអស់ពីចិត្ដទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។