1កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ ក្នុងស្រុកយូដា។2មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺអោយបានជានៅទីនោះ។3មានពួកខាងគណៈផារីស៊ី ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមី មានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយ បានឬទេ?»។4ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូងព្រះអាទិករ បានបង្កើតមនុស្សមក ជាបុរស ជាស្ដ្រី5រួចព្រះអង្គមានព្រះបន្ទូលថាៈ "ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ"។6គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវ បំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។7ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាអោយស្វាមីធ្វើលិខិតលែងលះភរិយា?»។8ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតអោយអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្ដរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។9ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្ដអំពើផិតក្បត់»។10សិស្ស នាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។11ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានអោយយល់ប៉ុណ្ណោះ ទើបអាចយល់បាន។12អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតអោយយល់ចុះ!»។13មានមនុស្សម្នានាំក្មេងតូចៗ មកអោយព្រះយេស៊ូដាក់ព្រះហស្ដលើវា និង អធិស្ឋាន អោយ។ ពួកសិស្ស ស្ដីបន្ទោសអ្នកទាំងនោះ14តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះដែលចូលក្នុងព្រះរាជ្យ នៃស្ថានបរមសុខបាន »។15បន្ទាប់មក ព្រះអង្គដាក់ព្រះហស្ដលើក្មេងទាំងនោះរួចទ្រង់យាងចាកចេញពីទីនោះទៅ។16ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីអោយមានជីវិតអស់កល្បជានិច្ច?»។17ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្ដិតាមបទបញ្ជា ទៅ»។18គាត់ទូលសួរព្រះអង្គថា៖ «បទបញ្ជាអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្ដិគេ កុំនិយាយកុហកធ្វើអោយគេមានទោស19ចូរគោរពមាតាបិតាចូរស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។20យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។21ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្ដិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកអោយជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្ដិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។22កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ដ ដ្បិតគាត់មាន ទ្រព្យសម្បតិ្តដស្ដុកស្ដម្ភណាស់។23ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស ថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹង ច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ ណាស់!។24ខ្ញុំសុំប្រាប់អ្នករាល់គ្នា ទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមាន ចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។25កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។26ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។27ពេលនោះ លោកពេត្រុស ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។28ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស គង់លើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។29អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬ ស្រែចំការព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។30មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។