Khmer

Matthew

20

1«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបាននឹងម្ចាស់ចំការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចំការទំពាំងបាយជូររបស់គាត់។2គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងអោយប្រាក់មួយដួង ក្នុងមួយថ្ងៃ ហើយចាត់គេអោយទៅធ្វើការក្នុងចំការ។3ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។4គាត់ក៏និយាយទៅកាន់គេថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ ខ្ញុំនឹងអោយប្រាក់ឈ្នួលត្រឹមត្រូវ"។5អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចំការ។ ម្ចាស់ចំការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និង ម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។6ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា "ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?"7ពួកគេឆ្លើយថា "មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!"។ គាត់ក៏ពោលទៅអ្នកទាំងនោះថា "ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ"។8លុះដល់ល្ងាច ម្ចាស់ចំការប្រាប់ទៅអ្នកកាន់ប្រាក់ថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់អោយគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់"។9ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង ៗ។10ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។11គេទទួលយកប្រាក់ ទាំងរអ៊ូរទាំដាក់ម្ចាស់ចំការថា12"ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់អោយគេស្មើនឹងយើងខ្ញុំដែរ!"។13ម្ចាស់ចំការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា "សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការអោយខ្ញុំ មួយដួងក្នុងមួយថ្ងៃមែនឬមិនមែន!14ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញទៅចុះ! ខ្ញុំចង់អោយអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។15តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?"។16ហេតុនេះ អ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។17កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖18«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ ដៃរបស់ពួកនាយកបូជាចារ្យ និង ពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក។19គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីអោយពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។20ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូចង់ទូលសុំអ្វីមួយ។21ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖«ដល់ពេលព្រះអង្គគ្រងរាជ្យ សូមអោយកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។22ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និង លោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។23ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬ ខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសំរេចអោយឡើយ ព្រោះកន្លែងនោះបំរុងទុក សំរាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំបានសំរេចអោយប៉ុណ្ណោះ»។24កាលសិស្ស ដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងបងប្អូនទាំងពីរនាក់នេះណាស់។25ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹង ស្រាប់ហើយពួកអ្នកគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើ អំណាចលើប្រជារាស្ដ្ររបស់ខ្លួនដែរ។26ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នាវិញ។27បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបំរើរបស់អ្នករាល់គ្នាសិន។28បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកទេ គឺលោកមកបំរើគេវិញព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។29កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ30ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមកក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។31បណ្ដាជនគំរាមអ្នកទាំងពីរអោយនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។32ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។33គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់!សូមប្រោសអោយភ្នែកយើងខ្ញុំបានភ្លឺផង»។34ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។