Khmer

Matthew

22

1ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេ ម្ដងទៀតថា៖2«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។3ព្រះរាជាចាត់រាជបំរើអោយទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។4ព្រះអង្គចាត់រាជបំរើផ្សេងទៀត អោយទៅជំរាបភ្ញៀវថាៈ "យើងបានរៀបចំភោជនាហារសំរាប់ជប់លៀង គឺបានសម្លាប់គោ និង សម្លាប់សត្វ ដែលបានបំប៉ននោះ រួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!"។5ប៉ុន្ដែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចំការ អ្នកខ្លះទៅធ្វើជំនួញ6អ្នកខ្លះទៀតចាប់ពួករាជបំរើ វាយធ្វើបាបព្រមទាំងសម្លាប់ចោលថែមទៀត។7ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានអោយទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។8បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថាៈ "យើងបានរៀបចំពិធីមង្គលការ រួចស្រេចហើយ ប៉ុន្ដែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។9ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប អោយមកជប់លៀង"។10ពួករាជបំរើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។11ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការទតឃើញបុរសម្នាក់ស្លៀកពាក់ មិនត្រូវនឹងរបៀបពិធីការ12ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សំឡាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សំរាប់មង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។13ព្រះរាជាបង្គាប់ទៅពួករាជបំរើថា "ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!"»។14ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។15ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។16គេក៏ចាត់សិស្សរបស់គេ និង ពួកខាងស្ដេចហេរ៉ូដ អោយទៅជួបព្រះអង្គ ហើយទូលថា៖«លោកគ្រូ ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។17ហេតុនេះ សូមលោកគ្រូអោយយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតអោយបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។18ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?19ចូរបង្ហាញប្រាក់សំរាប់បង់ពន្ធនោះអោយខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។20ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។21គេទូលថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។22ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។23នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖24«លោកគ្រូ!លោកម៉ូសេ មានប្រសាសន៍ថាៈ "បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន"។25ឧបមាថានៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធអោយប្អូន។26ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។27នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ទៅដែរ។28លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។29ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់ គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។30ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា នៅស្ថានបរមសុខ ។31ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ32"យើងជាព្រះរបស់អប្រាហំា ជាព្រះរបស់អ៊ីសាក និង ជាព្រះរបស់យ៉ាកុប" តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។33កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀនគេងឿងឆ្ងល់ជាខ្លាំង។34ពេលនោះ ពួកខាងគណៈផារីស៊ី ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើអោយពួក ខាងគណៈសាឌូស៊ី ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។35ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖36«លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើមានបទបញ្ជាណាសំខាន់ជាងគេ?»។37ព្រះយេស៊ូមានព្រះបន្ទូលថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក អោយអស់ពីចិត្ដគំនិត អស់ពីស្មារតី និង អស់ពីប្រាជ្ញា"38ហ្នឹងហើយជាបទបញ្ជាទីមួយដែលសំខាន់ ជាងគេបំផុត។39រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង"។40បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និង គម្ពីរព្យាការី ទាំងអស់»។41ពេលនោះ ពួកខាងគណៈផារីស៊ី នៅជុំគ្នាព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖42«តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។43ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ទៅវិញដូច្នេះ គឺទ្រង់មានរាជឱង្ការថាៈ44"ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។45បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជា ព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។46គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។