Khmer

Matthew

23

1ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូល ទៅកាន់មហាជន និង ពួកសិស្ស ថា៖2«ពួកអាចារ្យ និង ពួកផារីស៊ី មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ ។3អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្ដិតាមទៅតែកុំយកតំរាប់តាមអំពើដែលគេប្រព្រឹត្ដឡើយ ដ្បិតគេមិនប្រតិបត្ដិតាមសេចក្ដីដែលគេបង្រៀននោះទេ។4អ្នកទាំងនោះ បានបង្កើតវិន័យយ៉ាងតឹងរ៉ឹង យកមកផ្ទុកលើមនុស្ស ហើយមិនជួយសំរាលបន្ទុកនោះទេ សូម្បីតែបន្ដិចបន្ដួចក៏មិនជួយផង។5គេធ្វើកិច្ចការផ្សេងៗ ដើម្បីអោយមនុស្សម្នាកោតសរសើរ គឺគេធ្វើក្លាក់ កាន់តែធំឡើងៗ និង ធ្វើខ្សែរំយោល នៅជាយអាវកាន់តែវែងទៅៗ។6ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ ។7ពួកនេះចូលចិត្ដអោយគេអោនកាយគោរព នៅតាមផ្សារ និង អោយគេហៅខ្លួនថា "ព្រះគ្រូ"។8រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេអោយហៅខ្លួនថា "ព្រះគ្រូ" សោះឡើយ ដ្បិតអ្នករាល់គ្នាមាន "ព្រះគ្រូ" តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។9កុំហៅនរណាម្នាក់នៅលើផែនដីនេះថា "ព្រះបិតា" អោយសោះ ដ្បិតអ្នករាល់គ្នាមាន"ព្រះបិតា"តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។10កុំអោយគេហៅអ្នករាល់គ្នាថា "មគ្គុទេសក៍"ឡើយ ដ្បិតមានតែព្រះគ្រិស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គុទេសក៍របស់អ្នករាល់គ្នា។11ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នា។12អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ។13នែ៎! ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនអោយមនុស្សចូលទៅក្នុងព្រះរាជ្យ នៃស្ថានបរមសុខ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនអោយគេចូលទៀតផង។14[ពួកអាចារ្យ និង ពួកផារីស៊ី ដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាឆបោកយកទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវទទួលទោសយ៉ាងធ្ងន់មិនខាន ]។15ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និង តាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ អោយចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់អោយបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើអោយគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។16ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា"បើអ្នកណាស្បថដោយយកព្រះវិហារ ធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ព្រះវិហារធ្វើជាសាក្សី ទើបយកជាការបាន"។17មនុស្សលេលា កង្វាក់អើយ! មាស និង ព្រះវិហារដែលធ្វើអោយមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។18អ្នករាល់គ្នានិយាយទៀតថា "អ្នកណាស្បថ ដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះ យកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន"។19មនុស្សកង្វាក់អើយ! តង្វាយដែលគេថ្វាយលើអាសនៈ និង អាសនៈដែលធ្វើអោយតង្វាយទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង?។20ដូច្នេះអ្នកណាស្បថ ដោយយកអាសនៈជាសាក្សី អ្នកនោះមានទាំងអាសនៈ មានទាំងអ្វីៗនៅលើអាសនៈជាសាក្សីមែន។21អ្នកណាស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទាំងព្រះវិហារ មានទាំងព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារ ជាសាក្សីដែរ។22អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះមានទាំងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទាំងព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្កជាសាក្សី។23ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និង ម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យ សំខាន់ៗចោល មានសេចក្ដីសុចរិត មេត្ដាករុណាធម៌ និង ជំនឿស្មោះត្រង់ ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្ដិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។24អ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទាំងមូលទៅវិញ!។25ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាសំអាតពែង និង ចាន តែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការកេងប្រវ័ញ្ច និង ការលោភលន់។26ពួកផារីស៊ីដ៏កង្វាក់អើយ! ចូរសំអាតផ្នែកខាងក្នុងពែងជាមុនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធ ដែរ។27ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរ ដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និង ធាតុរលួយសព្វបែបយ៉ាង។28អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសំដែងឫកពារខាងក្រៅអោយមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិតតែចិត្ដអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និង គំនិតទុច្ចរិតទៅវិញ។29ពួកអាចារ្យ និង ពួកផារីស៊ីដ៏មានពុតអើយ!អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត30ដោយពោលថាៈ"ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ"។31អ្នករាល់គ្នាពោលដូច្នេះ បានសេចក្ដីថាអ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។32ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាអោយបានសំរេចទៅ!33នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចអោយអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរកបាន?។34ហេតុនេះ ខ្ញុំចាត់ព្យាការី អ្នកប្រាជ្ញ និង អាចារ្យអោយមករកអ្នករាល់គ្នា តែអ្នករាល់គ្នានឹងសម្លាប់ពួកគេខ្លះ ឆ្កាងខ្លះ និង វាយធ្វើបាបខ្លះក្នុងសាលាប្រជុំ ព្រមទាំងតាមបៀតបៀនគេពីក្រុងមួយទៅក្រុងមួយផង។35ដូច្នេះ អ្នករាល់គ្នាត្រូវទទួលទោស ព្រោះអ្នករាល់គ្នាបានបង្ហូរឈាមជនសុចរិត ចាប់ពីលោកអេបិលជាមនុស្សសុចរិតរហូតដល់លោកសាការី ជាបុត្ររបស់លោកបារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់ នៅត្រង់ចន្លោះទីសក្ការៈ និង អាសនៈ ។36ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងថា ទោសទាំងនោះនឹងត្រូវធ្លាក់មកលើមនុស្សជំនាន់នេះជាមិនខាន។37«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី និង យកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។38ហេតុនេះ ផ្ទះរបស់អ្នករាល់គ្នា នឹងត្រូវបោះបង់ចោលអោយនៅស្ងាត់ជ្រងំ។39ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ពីពេលនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់!"»។