Khmer

Matthew

24

1ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។2ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល អ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្ម ទៀតហើយ!»។3កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់អោយយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសំគាល់អោយយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និង ដល់អវសានកាលនៃពិភពលោក?»។4ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាអោយវង្វេងបានឡើយ5ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំទៅប្រើដោយពោលថាៈ"ខ្ញុំនេះហើយជាព្រះគ្រិស្ដ "។ គេនឹងនាំមនុស្សជាច្រើនអោយវង្វេង។6អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និង ឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោក នៅឡើយទេ។7ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និង រញ្ជួយផែនដី។8ប៉ុន្ដែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ដ្រីដែលហៀបនឹងសំរាលកូន។9គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងអោយគេសម្លាប់អ្នករាល់គ្នា ថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។10នៅពេលនោះ នឹងមានមនុស្សជាច្រើនបែកចិត្ដឃ្លាតចេញពីជំនឿ ក្បត់គ្នាទៅវិញទៅមក និង ស្អប់គ្នាផង។11ព្យាការី ក្លែងក្លាយជាច្រើននឹងមកដល់ ហើយបញ្ឆោតមនុស្សជាច្រើនអោយវង្វេង។12អំពើទុច្ចរិតនឹងរីកចំរើនឡើងជាខ្លាំង បណ្ដាលអោយសេចក្ដីស្រឡាញ់របស់មនុស្សមួយចំនួនធំ ត្រូវធ្លាក់ចុះអន់ថយ។13ប៉ុន្ដែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។14គេនឹងប្រកាសដំណឹងល្អ អំពីព្រះរាជ្យ នេះពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាពដល់ជាតិសាសន៍ទាំងអស់។ ពេលនោះទើបដល់អវសានកាលនៃពិភពលោក»។15«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម តាំងនៅក្នុងទីសក្ការៈ ដូចព្យាការីដានីយ៉ែលបានថ្លែងទុក (សូមអោយអ្នកអានយល់ពាក្យនេះចុះ!)16ពេលនោះ អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។17រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកអ្វីៗនៅក្នុងផ្ទះឡើយ18ហើយអ្នកដែលនៅឯចំការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។19គ្រានោះ ស្ដ្រីមានផ្ទៃពោះ និង ស្ដ្រីបំបៅកូនមុខជាត្រូវវេទនាពុំខាន។20ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំអោយអ្នករាល់គ្នាត្រូវរត់ភៀសខ្លួននៅរដូវត្រជាក់ ឬ នៅថ្ងៃសប្ប័ទ ឡើយ21ដ្បិតពេលនោះ ជាពេលមានទុក្ខលំបាកយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោក មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។22ប្រសិនបើព្រះជាម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្ដែព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។23ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា"ព្រះគ្រិស្ដ គង់នៅទីនេះ ឬ នៅទីនោះ" កុំជឿគេឡើយ24ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ដ ព្រមទាំងមានព្យាការី ក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្ស រហូតដល់ទៅនាំពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសអោយវង្វេងថែមទៀតផង ប្រសិនបើគេ អាចធ្វើបាន។25ខ្ញុំនិយាយប្រាប់អោយអ្នករាល់គ្នាដឹងជាមុនអោយហើយ។26បើមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅវាលរហោស្ថានឯណោះ!" កុំចេញទៅតាម គេឡើយ ឬមួយបើគេថា "ព្រះអង្គនៅក្នុងបន្ទប់ឯណេះ!" ក៏កុំជឿពាក្យគេដែរ27ដ្បិតបុត្រមនុស្ស នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាង កើតទៅទិសខាងលិច។28សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ»។29«លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក។30ពេលនោះ ទីសំគាល់របស់បុត្រមនុស្ស នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ពន្ធ ទាំងប៉ុន្មាននៅលើផែនដី នឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និង សិរីរុងរឿងដ៏អស្ចារ្យ។31ពេលនោះ មានសំឡេងត្រែលាន់ឮរំពងឡើង លោកក៏ចាត់ពួកទេវតា របស់លោកអោយទៅទិសទាំងបួន ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង»។32«ចូរអ្នករាល់គ្នាយកប្រស្នា ស្ដីអំពីដើមឧទុម្ពរ ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។33ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដការណ៍ទាំងអស់នោះកើតឡើង ត្រូវដឹងថាបុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។34ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង ក្នុងពេលដែលមនុស្សជំនាន់នេះ មានជីវិតនៅឡើយ។35ផ្ទៃមេឃ និង ផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។36រីឯថ្ងៃកំណត់ និង ពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា នៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។37នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ38គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។39គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។40បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។41បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។42ដូច្នេះ ចូរប្រុងស្មារតីអោយមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។43អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយអោយចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។44ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។45«បើអ្នកបំរើណាមានចិត្ដស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់អោយអ្នកបំរើនោះមើលខុសត្រូវលើអ្នកបំរើឯទៀតៗ ក្នុងការចែកម្ហូបអាហារអោយគេ តាមពេលកំណត់ពុំខាន។46ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបំរើ កំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបំរើនោះប្រាកដជាមានសុភមង្គលហើយ។47ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់អោយគាត់មើលខុសត្រូវ លើទ្រព្យសម្បត្ដិទាំងប៉ុន្មានរបស់លោកថែមទៀតផង។48ផ្ទុយទៅវិញបើអ្នកបំរើនោះមានចិត្ដអាក្រក់ ហើយគិតថា "ម្ចាស់អញក្រមកដល់ណាស់"49គាត់វាយអ្នកបំរើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។50ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបំរើនោះមិនបានរង់ចាំ ឬ នៅពេលដែលគាត់មិនដឹង51លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយអោយគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺអោយទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។