Khmer

Matthew

25

1«ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងស្ដ្រីក្រមុំដប់នាក់ ដែលយកចង្កៀង ចេញទៅទទួលស្វាមី។2ក្នុងចំណោមពួកនាងមានប្រាំនាក់ជាស្ដ្រីឥតគំនិត ប្រាំនាក់ទៀតជាស្ដ្រីឈ្លាសវៃ។3ស្ដ្រីឥតគំនិតយកចង្កៀងទៅ តែមិនយកប្រេងទៅបង្ការជាមួយទេ។4រីឯស្ដ្រីឈ្លាសវៃវិញ នាងបានយកចង្កៀងទៅ មានទាំងប្រេងបង្ការផង។5ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។6លុះដល់ពាក់កណ្ដាលអធ្រាត្រមានគេស្រែកឡើងថា "ស្វាមីមកដល់ហើយ!ចូរនាំគ្នារត់ទៅទទួលលោក!"។7ស្ដ្រីក្រមុំទាំងនោះក៏ក្រោកឡើងរៀបចំអុជចង្កៀង។8ស្ដ្រីឥតគំនិតនិយាយទៅកាន់ស្ដ្រីឈ្លាសវៃថា "សុំចែកប្រេងអោយយើងខ្លះផង ព្រោះចង្កៀងយើងចង់រលត់អស់ហើយ"។9ស្ដ្រីឈ្លាសវៃឆ្លើយទៅវិញថា "ទេមិនបានទេ! បើយើងចែកអោយពួកនាង ក្រែងមិនគ្រាន់សំរាប់យើងផងសំរាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!"។10នៅពេលដែលស្ដ្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ដ្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។11ក្រោយមក ស្ដ្រីប្រាំនាក់ទៀតមកដល់ ស្រែកហៅថាៈ "លោកម្ចាស់ លោកម្ចាស់! សូមបើកទ្វារអោយយើងខ្ញុំចូលផង!"។12ស្វាមីឆ្លើយទៅវិញថាៈ "ខ្ញុំសុំប្រាប់អោយនាងទាំងអស់គ្នាដឹងច្បាស់ថា ខ្ញុំមិនស្គាល់ពួកនាងទេ!"។13ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្ស នឹងមកដល់ថ្ងៃណាពេលណាឡើយ»។14«ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបំរើមកប្រគល់ទ្រព្យសម្បត្ដិអោយ។15គាត់ប្រគល់ប្រាក់អោយអ្នកបំរើម្នាក់ៗ តាមសមត្ថភាពរៀងៗខ្លួន គឺអោយប្រាំណែន ទៅអ្នកទីមួយពីរណែនទៅអ្នកទីពីរ និង មួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។16អ្នកបំរើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។17អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។18រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។19លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។20អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថាៈ"លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត"។21ម្ចាស់ក៏ពោលទៅគាត់ថាៈ "ល្អហើយ! អ្នកបំរើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកអោយមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ"។22អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះ ចូលមកដែរ ហើយជំរាបថាៈ "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនអោយខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត"។23ម្ចាស់ក៏ពោលទៅគាត់ថាៈ "ល្អហើយ! អ្នកបំរើដ៏ប្រសើរមានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតំាងអ្នកអោយមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ"។24បន្ទាប់មកអ្នកដែលបានទទួលប្រាក់មួយណែនក៏ ចូលមក ហើយជំរាបថាៈ "លោកម្ចាស់! ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់។ លោកតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ ហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំ។25ខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់អោយ ទៅជីកដីកប់ ព្រោះខ្ញុំប្របាទភ័យខ្លាចពេក។ ឥឡូវនេះ សូមលោកម្ចាស់យកប្រាក់របស់លោកវិញចុះ"។26ម្ចាស់ក៏ពោលទៅអ្នកនោះថាៈ "នែ៎ អ្នកបំរើអាក្រក់ ខ្ជឹលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះ និង ប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំ។27គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។28ចូរយកប្រាក់ពីអ្នកនេះ ប្រគល់អោយអ្នកដែលមានដប់ណែននោះទៅ29ដ្បិតអ្នកណាមានហើយ អ្នកនោះនឹងទទួលបរិបូណ៌ហូរហៀរថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមានផង។30ចំណែកឯអ្នកបំរើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!»។31« នៅពេលបុត្រមនុស្សយាងមក ជាមួយពួកទេវតា ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។32ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលែញកចៀមចេញពីពពែ33គឺអោយចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។34ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នក នៅខាងស្ដាំព្រះអង្គថា "អស់អ្នកដែល ព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកអោយអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក35ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានអោយអាហារយើងបរិភោគ កាលយើងស្រេកអ្នករាល់គ្នាបានអោយទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួល យើងអោយស្នាក់អាស្រ័យ36កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកអោយយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ"។37ពួកអ្នកសុចរិតទូលព្រះអង្គវិញថាៈ "បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬ ឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់?។38តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គអោយស្នាក់អាស្រ័យ ឬ ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។39តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬ ជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?"។40ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា "យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ"។41បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាៈ "ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញអោយឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបំរុងទុកសំរាប់ផ្ដន្ទាទោសមារ សាតាំង និង បរិវាររបស់វានោះទៅ!42ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានអោយម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានអោយទឹកយើងពិសាដែរ43កាលយើងជាជនបរទេសអ្នករាល់គ្នាពុំបានទទួលយើងអោយស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកអោយយើងដែរ កាលយើងមានជំងឺ និង ជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ"។44ពួកនោះនាំគ្នាទូលព្រះអង្គថា "បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬ ជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?"។45ព្រះអង្គមានព្រះបន្ទូលទៅគេថា "យើងសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្ដចំពោះយើងដែរ"។46អ្នកទាំងនេះនឹងត្រូវទទួលទោស អស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។