1នៅគ្រានោះ លោកយ៉ូហានបាទីស្ដ មក ដល់ លោកប្រកាសនៅវាលរហោស្ថាន ស្រុកយូដាថា៖2«ចូរកែប្រែចិត្ដគំនិតឡើង ដ្បិតព្រះរាជ្យ នៃស្ថានបរមសុខ មកជិតបង្កើយហើយ!»។3ព្យាការី អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតំរង់ផ្លូវថ្វាយព្រះអង្គ!"»។4លោកយ៉ូហាន មាន សម្លៀក បំពាក់ ធ្វើអំពី រោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និង ទឹកឃ្មុំ។5អ្នកក្រុងយេរូសាឡឹម អ្នកស្រុកយូដា និង អ្នកស្រុកនៅតំបន់ ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។6គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក អោយគេក្នុងទន្លេយ័រដាន់។7កាលលោកឃើញពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាអោយរត់គេចពីព្រះពិរោធ របស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។8ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។9កុំនឹកស្មានថាខ្លួនមានលោកអប្រាហាំជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់អាចធ្វើអោយថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។10ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។11ខ្ញុំធ្វើពិធីជ្រមុជ អ្នករាល់គ្នាក្នុងទឹក ដើម្បីអោយអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។12លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។13ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេ មករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីអោយលោកធ្វើពិធីជ្រមុជទឹក ថ្វាយព្រះអង្គ។14ប៉ុន្ដែលោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។15ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។16ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ទ្រង់យាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។17ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់!»។