Khmer

Matthew

2

1ព្រះយេស៊ូប្រសូតនៅភូមិបេថេ្លហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម2សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។3កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ ក៏រន្ធត់ចិត្ដជាមួយព្រះអង្គដែរ។4ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ និង ពួកអាចារ្យ ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ដ ត្រូវប្រសូត។5គេទូលស្ដេចថាព្រះគ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី ថា៖6«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែរក្សាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង»។7ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។8បន្ទាប់មក ទ្រង់ចាត់ហោរាចារ្យទាំងនោះអោយទៅភូមិបេថ្លេហិម ដោយមានរាជឱង្ការថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីព្រះឱរសនោះអោយបានច្បាស់លាស់។ កាលបើបានឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីអោយយើងបានទៅថ្វាយបង្គំព្រះអង្គដែរ»។9ក្រោយពីបានទទួលរាជឱង្ការហើយគេក៏នាំគ្នាចេញទៅ។ ពេលនោះ ផ្កាយដែលគេបានឃើញនៅទិសខាងកើត នាំមុខគេ រហូតដល់កន្លែងដែលព្រះឱរសគង់ ទើបឈប់។10កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្ដពន់ប្រមាណ11គេចូលទៅក្នុងផ្ទះ ឃើញព្រះឱរសគង់នៅជាមួយនាងម៉ារីជាមាតា គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និង ជ័រល្វីងទេស មកថ្វាយព្រះអង្គ។12បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀតដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនអោយវិលទៅគាល់ព្រះបាទហេរ៉ូដវិញឡើយ។13កាលពួកហោរាចារ្យចាកចេញផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែប ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់អោយវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកធ្វើគុតព្រះឱរស»។14លោកយ៉ូសែបក្រោកឡើង នាំព្រះឱរស និង មាតារបស់ព្រះអង្គ រត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។15គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីអោយបានស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។16ព្រះបាទហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខព្រះអង្គ ស្ដេចទ្រង់ព្រះពិរោធក្រៃលែង ហើយចេញបញ្ជាអោយគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និង ភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ។17ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី យេរេមាថា៖18«មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមអោយនរណាសំរាលទុក្ខឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។19កាលព្រះបាទហេរ៉ូដសោយទិវង្គតផុតទៅ ទេវតា របស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបនៅ ស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖20«ចូរក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារស្លាប់បាត់អស់ទៅហើយ»។21លោកយ៉ូសែបក្រោកឡើង នាំព្រះកុមារ និង មាតារបស់ព្រះអង្គវិលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។22ប៉ុន្ដែ កាលលោកដឹងថា ព្រះបាទអើខេឡោសឡើងគ្រងរាជ្យនៅស្រុកយូដា ស្នងព្រះបាទហេរ៉ូដជាព្រះបិតា លោកខ្លាចមិនហ៊ានទៅស្រុកនោះទេ លោកភៀសខ្លួនទៅស្រុកកាលីឡេ ដោយព្រះជាម្ចាស់មានព្រះបន្ទូលអោយដឹង ក្នុងសុបិននិមិត្ដ។23លោកតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីអោយស្របតាមសេចក្ដីដែលពួកព្យាការី បានថ្លែងទុកថា ៖ «គេនឹងហៅព្រះអង្គថាជាអ្នកភូមិណាសារ៉ែត»។