1ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស នាំគ្នាចូលមកគាល់ព្រះអង្គ2ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖3«អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យ នៃស្ថានបរមសុខ!4អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំរាលទុក្ខពួកគេ!5អ្នកណាមានចិត្ដស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!6អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានអោយពួកគេបានឆ្អែត!7អ្នកណាមានចិត្ដមេត្ដាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសំដែងព្រះហឫទ័យ មេត្ដាករុណាដល់ពួកគេវិញ!8អ្នកណាមានចិត្ដបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!9អ្នកណាកសាងសន្ដិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់!10អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ!11ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និង មានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!12ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។~13«អ្នករាល់គ្នាជាអំបិល សំរាប់មនុស្សលោក ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន?។ អំបិលនោះ គ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។14អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។15គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើង ចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។16ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ »។17«សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬ គម្ពីរព្យាការី ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។18ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និង ផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬ បន្ដក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ ទីបំផុត។19អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងអោយធ្វើ តាមអ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។20ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ និង ពួកផារីស៊ី ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ»។21«អ្នករាល់គ្នា ធ្លាប់ ឮ សេចក្ដី ដែល មានថ្លែង ប្រាប់បុព្វបុរស ថា "កុំសម្លាប់មនុស្ស " អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។22រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្ដាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់ កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។23ដូចេ្នះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក24ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។25កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។26ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។27«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា "កុំប្រព្រឹត្ដអំពើផិតក្បត់"។28រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ដ្រីម្នាក់ ហើយមានចិត្ដស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្ដរបស់ខ្លួន រួចស្រេចទៅហើយ។29ប្រសិនបើភ្នែកស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។30ប្រសិនបើដៃស្ដំារបស់អ្នក នាំអ្នកអោយប្រព្រឹត្ដអំពើបាប ចូរកាត់វា ហើយបោះចោលអោយឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយអោយរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។31«មានសេចក្ដីថ្លែងទុកមកថា "បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះអោយនាង"32រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើអោយនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។33«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស ថាៈ " កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់"។34រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថអោយសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់35ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹម ជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។36កុំស្បថដោយយក ក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើអោយសក់របស់អ្នកទៅជា ស ឬ ខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។37ត្រូវនិយាយអោយទៀងទាត់ បើ "មែន" អោយប្រាកដជា "មែន"បើ "ទេ" អោយប្រាកដជា"ទេ"។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។38«អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែង ទុកមកថា "ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេអោយបាក់ធ្មេញតែមួយដែរ"។39រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចអោយសោះ បើមានគេទះកំផ្លៀងស្ដំារបស់អ្នក ចូរបែរអោយគេទះម្ខាងទៀតទៅ។40បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរអោយគេយកអាវធំថែមទៀតទៅ។41បើមានគេបង្ខំអ្នកអោយធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។42អ្នកណាសុំអ្វីពីអ្នក ចូរអោយគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។43«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា "ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។44រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរអោយអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។45ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្រ របស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានអោយព្រះអាទិត្យរបស់ព្រះអង្គរះ បំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀង អោយទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។46ប្រសិនបើអ្នករាល់គ្នា ស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធ ក៏ចេះស្រឡាញ់គ្នាគេដែរ។47បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដ ដូច្នោះដែរ។48ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាង ណា សុំអោយអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។