Khmer

Matthew

6

1«កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីអោយតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់ អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទេ។2ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ ឬ នៅតាមដងផ្លូវ ដើម្បីអោយមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាអោយដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។3រីឯអ្នកវិញ កាលណាដៃស្ដំាអ្នកធ្វើទាន មិនបាច់អោយដៃឆ្វេងដឹងឡើយ4ដើម្បីអោយទានរបស់អ្នកនៅ ស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។5« កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្ដឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ និង នៅត្រង់ថ្នល់កែង ដើម្បីអោយមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។6រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារអោយជិត ហើយទូលទៅកាន់ ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទី ស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។7ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។8កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។9អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ អើយ!10សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។11សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។12សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយ អស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។13សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារ កំណាច ចាដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និង សិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។14បើអ្នករាល់គ្នាអត់ទោសអោយមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ ក៏អត់ទោសអោយអ្នករាល់គ្នាដែរ។15ប៉ុន្ដែ បើអ្នករាល់គ្នាមិនអត់ទោសអោយមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសអោយអ្នករាល់គ្នាដែរ»។16«កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខអោយអ្នកដទៃឃើញ ថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។17រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង18កុំអោយមនុស្សម្នាឃើញថាអ្នកតមឡើយ គឺអោយតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។19«កុំសន្សំទ្រព្យសម្បត្ដិទុកសំរាប់ខ្លួន នៅលើផែនដីជាកន្លែងដែលមានកណ្ដៀរ និង ច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។20ចូរប្រមូលទ្រព្យសម្បត្ដិទុកនៅស្ថានបរមសុខ វិញ ជាស្ថានដែលគ្មានកណ្ដៀរ និង ច្រែះស៊ីជាស្ថានដែលគ្មាន ចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ21ដ្បិតទ្រព្យសម្បត្ដិអ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅកន្លែងនោះដែរ»។22«ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ23តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កំរិតណាទៀតទេ»។24«គ្មានអ្នកណាម្នាក់អាចបំរើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀត ជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបំរើព្រះជាម្ចាស់ផង ហើយគោរពបំរើទ្រព្យសម្បត្ដិ ទុកជាព្រះផងបានឡើយ»។25«ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំអោយខ្វល់ខ្វាយអំពីម្ហូបអាហារសំរាប់ចិញ្ចឹមជីវិតឬសម្លៀកបំពាក់សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។26ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្ដែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។27ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណា ក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួន អោយវែងបានដែរ សូម្បីតែបន្ដិចក៏មិនបានផង។28ហេតុដូចម្ដេច បានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬ ត្បាញរវៃឡើយ29ប៉ុន្ដែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ទ្រង់គ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។30មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សំរស់អោយផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែក ត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបំរុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។31ហេតុនេះ កុំខ្វល់ខ្វាយ ដោយពោលថា "យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់?" នោះឡើយ32ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។33ចូរស្វែងរកព្រះរាជ្យ របស់ព្រះជាម្ចាស់ និង សេចក្ដីសុចរិត របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។34កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសំរាប់តែថ្ងៃនោះបានហើយ»។