Khmer

Revelation

18

1ក្រោយមក ខ្ញុំឃើញទេវតា មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរីរុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែនដី។2លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអារក្ស ជាជំរករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធគួរអោយខ្ពើម3ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន អោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែឫទ្ធានុភាពនៃទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ក្រុងនេះដែរ»។4ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជារាស្ដ្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំអោយចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ5ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះជាម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។6ចូរសងទៅក្រុងនេះអោយសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ដ បើគេប្រព្រឹត្ដយ៉ាងណាត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!7ក្រុងនេះបានតម្កើងខ្លួន និង រស់នៅយ៉ាងសម្បូរហូរហៀរ ដល់កំរិតណា ត្រូវធ្វើអោយគេវេទនាខ្លោចផ្សា និង កាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ "អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេហើយអញនឹងមិនកាន់ទុក្ខឡើយ!"។8ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លានហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតព្រះជាអម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះទ្រង់ប្រកបដោយឥទ្ធិឫទ្ធិ។9ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្ដិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។10ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា "វេទនាហើយ!វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់"។11ពេលនោះ ពួកឈ្មួញនៅលើផែនដី ក៏នាំគ្នាយំសោក និង កាន់ទុក្ខព្រោះតែក្រុងនេះដែរ ដ្បិតគ្មាននរណាទិញទំនិញរបស់ខ្លួនទៀតឡើយ12ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃធ្វើពីលង្ហិន ធ្វើពីដែក និង ធ្វើពីថ្មកែវ13សំបកសម្បុរល្វែង សំបកខ្លឹមចន្ទ ទឹកអប់ ជ័រល្វីងទេស គ្រឿងក្រអូប ស្រាប្រេងម្សៅម៉ដ្ឋ ស្រូវ គោ ចៀម សេះ រទេះ អ្នកងារ និង អ្នកជាប់ឈ្លើយ។14ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថាៈ "ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និង មានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!"។15ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុងទាំងយំសោក និង កាន់ទុក្ខទៀតផង។16គេពោលថា "វេទនាហើយ! វេទនាហើយមហានគរដែលមានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ និង ពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងពាក់មាសត្បូង និង ពេជ្រតុបតែងខ្លួន!17ភោគសម្បត្ដិក៏ច្រើននេះបានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!"។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និង អ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។18ពេលឃើញផ្សែងហុយឡើងពីក្រុង ដែលកំពុងតែឆេះ គេនាំគ្នាស្រែកថា "តើមានក្រុងណាអាចប្រៀបផ្ទឹមនឹងមហានគរនេះបាន!"។19គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និង កាន់ទុក្ខ ទាំងពោលថាៈ"វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើអោយពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបានដោយសារតែភោគសម្បត្ដិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!"។20ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ សាវ័ក និង ព្យាការី ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្ដិធម៌អោយអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។21ពេលនោះ ទេវតា មួយរូបដ៏មានឥទ្ធិឫទ្ធិបានលើកថ្មមួយដុំដូចត្បាល់កិន បោះទៅក្នុងសមុទ្រទាំងពោលថា៖«គេនឹងច្រានក្រុងបាប៊ីឡូនមហានគរទម្លាក់ទៅក្នុងសមុទ្រដូច្នោះដែរ!។ គ្មាននរណារកក្រុងនោះឃើញទៀតឡើយ។22គេនឹងលែងឮសំឡេងតូរ្យតន្ដ្រីរបស់ពួកអ្នកលេងពិណ អ្នកភ្លេង អ្នកផ្លុំខ្លុយ និង អ្នកផ្លុំត្រែ ក្នុងឯងទៀតហើយ។ រីឯពួកជាងទាំងឡាយដែលប្រកបរបរគ្រប់មុខ ក៏លែងមាន ហើយសំឡេងត្បាល់កិនក៏លែងឮទៀតដែរ។23ក្នុងឯង លែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់អោយវង្វេង24ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកព្យាការី ឈាមរបស់ប្រជាជនដ៏វិសុទ្ធ និង ឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។