1បន្ទាប់មក ទេវតា មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញអោយលោកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បីដែលអង្គុយលើមហាសមុទ្រ។2ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ដ្រីនោះ ហើយមនុស្សម្នានៅលើផែនដី ក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។3ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន ។ នៅទីនោះ ខ្ញុំឃើញស្ដ្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះជាម្ចាស់។ សត្វនោះមានក្បាលប្រាំពីរ និង មានស្នែងដប់។4ស្ដ្រីនោះស្លៀកពាក់ពណ៌ស្វាយ និង ពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និង ពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរអោយស្អប់ខ្ពើម និង កាមគុណដ៏ថោកទាបរបស់នាង។5នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូន ជាម្ដាយរបស់ពួកស្ដ្រីពេស្យា និង ជាប្រភពនៃអំពើគួរអោយស្អប់ខ្ពើមនៅលើផែនដី»។6ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ និង ឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។7ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកអោយបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ដ្រីនោះ និង អំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និង ស្នែងដប់។8សត្វដែលលោកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះមនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើម វាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។9ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃ មករិះគិតទើបយល់ៈ ក្បាលប្រាំពីរ សំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ដ្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។10ស្ដេចប្រាំអង្គបានធ្លាក់រាជ្យបាត់ទៅហើយ មួយអង្គទៀត កំពុងតែសោយរាជ្យ ហើយមួយអង្គទៀតមិនទាន់មកដល់នៅឡើយទេ។ ពេលស្ដេចនោះមកដល់ ទ្រង់នឹងសោយរាជ្យតែមួយភ្លែតប៉ុណ្ណោះ។11រីឯសត្វតិរច្ឆានដែលមានជីវិតកាលពីសម័យដើម តែឥឡូវគ្មានទេនោះ វានឹងមកធ្វើជាស្ដេចទីប្រាំបី។ វាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរនោះដែរ ហើយនឹងត្រូវវិនាសបាត់ទៅ។12ស្នែងទាំងដប់ដែលលោកបានឃើញ សំដៅទៅលើស្ដេចដប់អង្គដែលពុំទាន់បានទទួលរាជ្យសម្បត្ដិនៅឡើយ តែស្ដេចទាំងនោះនឹងទទួលអំណាច ធ្វើជាស្ដេច បានមួយម៉ោងរួមជាមួយសត្វតិរច្ឆាន។13ស្ដេចទាំងនោះមានគោលបំណងតែមួយដូចគ្នា គឺប្រគល់ឫទ្ធានុភាព និង អំណាចខ្លួន ទៅអោយសត្វតិរច្ឆាន។14ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និង ជាព្រះមហាក្សត្រ លើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និង បានជ្រើសរើសហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជំនះ រួមជាមួយកូនចៀមដែរ»។15ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជនជាតិសាសន៍ និង ភាសានានា។16រីឯស្នែងទាំងដប់ដែលលោកបានឃើញ ព្រមទាំងសត្វតិរច្ឆាន នឹងនាំគ្នាស្អប់ស្ដ្រីពេស្យានោះហើយធ្វើអោយនាងនៅស្ងាត់ជ្រងំទាំងសម្រាតនាងអោយនៅខ្លួនទទេ គេនឹងស៊ីសាច់នាង និង យកនាងទៅដុតក្នុងភ្លើងទៀតផង17ដ្បិតព្រះជាម្ចាស់បានបណ្ដាលអោយពួកគេមានចិត្ដធ្វើតាមផែនការរបស់ព្រះអង្គ គឺមូលមតិគ្នាប្រគល់រាជ្យសម្បត្ដិទៅអោយសត្វតិរច្ឆាន រហូតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានសំរេចគ្រប់ប្រការ។18រីឯស្ដ្រីដែលលោកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។