1ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំង ចេញពីព្រះវិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំពីរនៃព្រះពិរោធរបស់ព្រះជាម្ចាស់ចាក់លើផែនដីទៅ!»។2ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆានហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។3ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាកសព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។4ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទនេ្ល និង ប្រភពទឹកនានា ស្រាប់តែទន្លេ និង ប្រភពទឹកក្លាយទៅជាឈាមទាំងអស់។5ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រ ព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និង មានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន!6ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ និង បង្ហូរឈាមពួកព្យាការី ព្រះអង្គអោយឈាមគេផឹកដូច្នេះសមមុខពួកគេហើយ»។7ខ្ញុំឮសំឡេងមួយចេញពីអាសនៈមកថា៖ «ប្រាកដមែន! បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្ដិធម៌ពិតមែនហើយ!»។8ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើអោយមនុស្សក្ដៅក្រហល់ក្រហាយ។9មនុស្សម្នាត្រូវរលាកដោយកំដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ដែលមានអំណាចលើគ្រោះកាចទាំងនេះតែគេពុំបានកែប្រែចិត្ដគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។10ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។11គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រោះតែឈឺចុកចាប់ និង កើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្ដគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះឡើយ។12ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីអោយទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។13ខ្ញុំឃើញវិញ្ញាណអាក្រក់បីដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និង មួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ14គឺជាវិញ្ញាណរបស់ពួកអារក្ស។ វាសំដែងទីសំគាល់ផ្សេងៗ និង ចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលអោយធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់15(«មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតអោយគេឃើញកេរ្ដិ៍ខ្មាស អ្នកនោះពិតជាមានសុភមង្គល ហើយ!»)។16វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះអោយមក ជួបជុំគ្នានៅកន្លែងមួយដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។17ទេវតា ទីប្រាំពីរ យកពែង របស់ខ្លួន ចាក់ទៅ លើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងព្រះវិហារ ថា៖ «រួចរាល់ស្រេចអស់ហើយ!»។18ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និង មានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។19មហានគរនោះបានបែកជាបីរីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មាន បានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូនព្រះអង្គបានអោយក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ។20កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។21ពេលនោះមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។