Khmer

Revelation

15

1បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតនៅលើមេឃជាទីសំគាល់យ៉ាងធំ គួរស្ញែងខ្លាច គឺមានទេវតា ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើអោយព្រះជាម្ចាស់ឈប់ព្រះពិរោធ ។2បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និង ឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះជាម្ចាស់3ហើយនាំគ្នាច្រៀងចំរៀងរបស់លោកម៉ូសេជាអ្នកបំរើរបស់ព្រះជាម្ចាស់ និង ចំរៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗ ទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរអោយកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និង ត្រឹមត្រូវទាំងអស់!4បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្ដិធម៌»។5ក្រោយមកទៀត ខ្ញុំមើលទៅ ឃើញព្រះវិហារនៅស្ថានបរមសុខ ដែលមានព្រះពន្លានៃសក្ខីភាព បើកទ្វារចំហ។6ទេវតាទាំងប្រាំពីររូបដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារមក មានសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។7សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរជូនទេវតាទាំងប្រាំពីររូប។ ពែងទាំងនោះពេញទៅដោយព្រះពិរោធរបស់ព្រះជាម្ចាស់ដែលគង់នៅអស់កល្បជាអង្វែងតរៀងទៅ។8ព្រះវិហារក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង ពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។