Khmer

Revelation

14

1ខ្ញុំមើលទៅ ឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និង ព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។2ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរឬ ដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគុំតូរ្យតន្ដ្រី។3អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និង នៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។4អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើអោយខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និង ថ្វាយកូនចៀម5ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។6ខ្ញុំឃើញទេវតា មួយរូបទៀតហោះកណ្ដាលអាកាសវេហាស៍ទេវតានោះនាំដំណឹងល្អ មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និង គ្រប់ប្រជាជនដែលរស់នៅលើផែនដី។7ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និង លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។8មានទេវតាមួយរូបទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរដែលបាននាំជាតិសាសន៍ទាំងប៉ុន្មានអោយស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុត របស់វា!»។9មានទេវតាមួយរូបទៀត ជាទេវតាទីបីមកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និង ក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃ10អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និង ក្នុងស្ពាន់ធ័រនៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ និង នៅចំពោះព្រះភ័ក្ដ្ររបស់កូនចៀម។11ផ្សែងភ្លើងដែលធ្វើអោយគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និង ក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសំគាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្ដឡើយ។12ដូច្នេះ ប្រជាជនដ៏វិសុទ្ធ គឺអស់អ្នកដែលប្រតិបត្ដិតាមបទបញ្ជា ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និង កាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្ដព្យាយាម។13ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមក ថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ ពិតជាមានសុភមង្គល ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយអ្នកទាំងនោះនឹងបានឈប់សំរាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាននឹងអន្ទោលតាមគេជាប់ជានិច្ច»។14ខ្ញុំមើលទៅ ឃើញពពក សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។15មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។16ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដីផែនដីក៏ច្រូតស្រេចរួចរាល់។17មានទេវតាមួយរូបទៀត ចេញពីព្រះវិហារនៅស្ថានបរមសុខ មក លោកក៏មានកាំបិតមួយដ៏មុតដែរ។18ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុត ថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។19ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។20បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។