1បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និង ក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សែងៗដែលប្រមាថព្រះជាម្ចាស់។2សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិនជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សឹង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និង បល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅអោយសត្វនោះ។3ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។4គេនាំគ្នាក្រាបថ្វាយបង្គំនាគ ព្រោះនាគបានប្រគល់អំណាចអោយសត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។5សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។6វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា របស់ព្រះអង្គ និង ប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ ។7វាបានទទួលសិទ្ធិធើ្វសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ ព្រមទាំងមានជ័យជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ ទាំងអស់ប្រជារាស្ដ្រទាំងអស់ ភាសាទាំងអស់ និង ជាតិសាសន៍ទាំងអស់8ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។9ចូរផ្ទៀងត្រចៀកស្ដាប់អោយមែនទែន!។10បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ ត្រូវមានចិត្ដព្យាយាម និង មានជំនឿ។11បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀត ផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។12សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយ ទាំងនាំផែនដី និង មនុស្សដែលរស់នៅលើផែនដីអោយក្រាបថ្វាយបង្គំសត្វទីមួយដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយ វិញនោះផង។13សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើអោយមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី អោយមនុស្សលោកឃើញ។14វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះអោយវង្វេង ដោយធ្វើទីសំគាល់ផ្សែងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីអោយឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។15វាបានទទួលអំណាចធ្វើអោយរូបចម្លាក់ សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និង ប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ16វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ អោយទទួលសញ្ញាសំគាល់មួយនៅលើដៃស្ដំា ឬ នៅលើថ្ងាស។17ប្រសិនបើគ្មានសញ្ញាសំគាល់នេះ គ្មានឈ្មោះរបស់សត្វ ឬ គ្មានលេខសំគាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី បានសោះឡើយ។18ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសំគាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះ ជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។