1ពេលនោះ មានទីសំគាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ដ្រីមួយរូបស្លៀកពាក់ ព្រះអាទិត្យបិទបាំងកាយមានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរ ជាមកុដនៅលើក្បាលផង។2ស្ដ្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ហៀបនឹងសំរាលបុត្រ។3មានទីសំគាល់មួយទៀត លេចចេញមក នៅលើមេឃដែរគឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និង មានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។4កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ដ្រីដែលហៀបនឹងសំរាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រ នោះកើតមក។5នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។6រីឯស្ដ្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថានត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីអោយគេទំនុកបំរុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។7ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅលើមេឃគឺមហាទេវតាមីកែល និង ពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវា ក៏ច្បាំងតទល់វិញដែរ8ក៏ប៉ុន្ដែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។9នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះមារ ឬ សាតាំងដែលបាននាំមនុស្សនៅលើផែនដីទាំងមូលអោយវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។10ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និង ព្រះរាជ្យ ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ដ្រនៃព្រះរបស់យើង។11បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និង ដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។12ហេតុនេះស្ថានបរមសុខ និង អស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និង សមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ បានចុះទៅរកអ្នករាល់គ្នាទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថាវានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។13កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ដ្រីដែលបានសំរាលបុត្រ។14នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបំរុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និង ពាក់កណ្ដាលវស្សា អោយឆ្ងាយពីមុខពស់។15ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីអោយទឹកហូរនាំយកនាងទៅ16ក៏ប៉ុន្ដែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។17នាគក្ដៅក្រហាយនឹងស្ដ្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្ដិតាមបទបញ្ជា ទាំងប៉ុន្មានរបស់ព្រះជាសម្ចាស់ និង អស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។18បន្ទាប់មក នាគក៏ទៅនៅតាមឆ្នេរខ្សាច់ នាមាត់សមុទ្រ។